ទីក្រុងកាន់តែមានការអភិវឌ្ឍន៍ ការកកស្ទះចរាចរណ៍ក៏កាន់តែអាក្រក់ តួយ៉ាងតំបន់អាស៊ានដែលកំពុងមានការអភិវឌ្ឍន៍ស្ទើរគ្រប់ប្រទេស កំពុងមានចរាចរណ៍កកស្ទះនៅគ្រប់ទីក្រុង។

ក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ានទាំងមូល ទីក្រុងបាងកកនៃប្រទេសថៃ ត្រូវបានគេរាយការណ៍ថា មានការកកស្ទះចរាចរណ៍អាក្រក់បំផុតប្រចាំអាស៊ាន ខណៈទីក្រុងហ្សាកាតា ម៉ានីឡា ហាណូយ និងកូឡាឡាំពួរ នៅលេខរៀងបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយពី The Nation Thailand។
ប្រភពដដែលបន្ថែមថា ជាមធ្យមអ្នកបើកបរត្រូវជាប់ស្ទះតាមដងផ្លូវប្រមាណ ៩៦ នាទីក្នុងមួយថ្ងៃ ហើយក្នុងនោះ ៧២នាទីលើការកកស្ទះចរាចរណ៍ និង ២៤ នាទីទៀតទៅលើការស្វែងរកកន្លែងចតយានយន្ត។

នេះក៏មានន័យថា ជារៀងរាល់ឆ្នាំ ម្ចាស់យានយន្តនីមួយៗត្រូវខាតពេលប្រហែល ២៤ ថ្ងៃក្នុងមួយឆ្នាំ ទៅលើការកកស្ទះចរាចរណ៍តាមដងផ្លូវ។
សូមជម្រាបដែរថា បញ្ហាកកស្ទះចរាចរណ៍នៅតំបន់អាស៊ាន កាត់បន្ថយ GDP ចន្លោះពី ២ ទៅ ៥% ក្នុងមួយឆ្នាំសម្រាប់ប្រទេសនីមួយៗ ដោយសារការខាតពេលវេលា និងការចំណាយលើការធ្វើដំណើរ ខណៈ ៨០% នៃការបំភាយខ្យល់កខ្វក់នៅអាស៊ាន បង្កឡើងដោយការកកស្ទះចរាចរណ៍៕