ថ្មីៗនេះ ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី (MRC) បាននិយាយថា ប្រាក់ចំណូលដែលបានពីការនាំចេញកៅស៊ូ និងផលិតផលកៅស៊ូ របស់ប្រទេសខ្លួន មានចំនួនសរុប ៣៥,៩៨ពាន់លានរីងហ្គីត ឬប្រមាណ ៧,៩៦ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ កន្លងទៅ។ នេះបើតាមការចេញផ្សារដោយសារព័ត៌មាន VNA ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ៨ ខែមីនា កន្លងទៅ MRC បាននិយាយថា ការនាំចេញកៅស៊ូរបស់ម៉ាឡេស៊ី មានតម្លៃសរុប ៨,៨២ពាន់លានរីងហ្គីត ខណ:ពេលដែលការនាំចេញផលិតផលកៅស៊ូវិញ មានចំនួនសរុប ២៧,១៦ពាន់លានរីងហ្គីត។
យ៉ាងណាមិញ ជាមួយនឹងការនាំចេញស្រោមដៃកៅស៊ូ ក្នុងតម្លៃ ១៩,០៤ពាន់លានរីងហ្គីត គឺបានរួមចំណែកដ៏ធំបំផុត ក្នុងការនាំចេញផលិតផលកៅស៊ូរបស់ម៉ាឡេស៊ី ដោយមាន ៧០,១% នៃការនាំចេញសរុប នៅក្នុងឆ្នាំ ២០២២ ។
មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី បាននិយាយទៀតថា ក្រៅតែពីស្រោមដៃ មានផលិតកៅស៊ូផ្សេងទៀត ដូចជា ខ្សែ ស្រោមអនាម័យ ទុយយោ និងផលិតផលហ្វូម ដែលបានកើនឡើង ២៩,១% ជាមួយនឹងតម្លៃនាំចេញសរុប ២,៣៨ពាន់លានរីងហ្គីត ។
ជុំវិញកំណើនដ៏ខ្លាំងបែបនេះ បានបង្ហាញថា ឧស្សាហកម្មផលិតកៅស៊ូរបស់ម៉ាឡេស៊ី កំពុងតែបន្តព្យាយាមធ្វើចម្រុះកម្ម និងពង្រីកការផលិតរបស់ខ្លួន ក្រៅពីស្រោមដៃ ដែលជាផលិតផលដ៏សំខាន់បំផុតរបស់ខ្លួនអស់រយ:ពេលជាយូរមកហើយ ដោយវាបានគ្របដណ្តប់លើការនាំចេញផលិតផលកៅស៊ូរបស់ប្រទេសរហូតដល់ទៅ ៩៥% ឯណោះ ៕