ក្រុមហ៊ុនម៉ាឡេស៊ី ជាច្រើនសម្រុកដាក់លិខិតស្នើសុំវិនិយោគនៅរដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី

អន្តរជាតិ

ថ្មីៗនេះ ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា បានជាប់ចំណាត់ថ្នាក់កំពូលគេ ក្នុងចំណោមប្រទេស ដែលមានក្រុមហ៊ុនច្រើនបំផុត បានដាក់លខិតស្នើសុំចូលរួមវិនិយោគ នៅក្នុងរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Agung Wicaksono អនុប្រធានផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ នៃអាជ្ញាធររដ្ឋធានី Nusantara បានិយាយកាលពីថ្ងៃទី ៩ ខែមីនាកន្លងទៅថា រហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី ទទួលបានលិខិតស្នើសុំវិនិយោគចំនួន ១០០ រួចមកកហើយ នៅក្នុងរដ្ឋធានីថ្មីរបស់ខ្លួនមួយនេះ ហើយក្នុងចំណោមនោះ គឺទទួលបានពីប្រទេសម៉ាឡេស៊ី ច្រើនជាងគេ ។

យ៉ាងណាមិញ ជុំវិញការសម្រុកចូលមកវិនិយោគនេះ គឺត្រូវបានកើតឡើង បន្ទាប់ពីប្រធានអាជ្ញាធររដ្ឋធានី Nusantara លោក Bambang Susantono បាននិយាយថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការអនុម័តទៅលើបទប្បញ្ញត្តិថ្មីមួយ ដើម្បីផ្តល់ការលើកទឹកចិត្តទៅលើផ្នែកពន្ធ សម្រាប់ក្រុមហ៊ុនអាជីវកម្ម ដែលមានបំណងមកវិនិយោគ នៅ Nusantara រួមទាំងការលើកលែងពន្ធរហូតដល់ ៣០ ឆ្នាំ ក៏ដូចជាផ្តល់ដី​សម្បទាន​រហូតដល់ទៅ ៩៥ ឆ្នាំផងដែរ ។

លើសពីនេះ លោក Susantono បានបន្ថែមឱ្យដឹងទៀតថា ប្រទេសចិន បានបង្ហាញការចាប់អារម្មណ៍ជាពិសេស ក្នុងការវិនិយោគទាក់ទងទៅនឹងសំណង់ និងថាមពលកកើតឡើងវិញ ខណ:ប្រទេសមួយចំនួនផ្សេងទៀត ដូចជាកូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុប ក៏បានបង្ហាញការវិនិយោគទៅលើវិស័យផ្សេងៗ នៅក្នុងរដ្ឋធានី Nusantara ផងដែរ ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយកាលពីថ្ងៃទី ៧ ខែមីនាថា យ៉ាងហោចណាស់ មានក្រុមហ៊ុនធំៗរបស់ប្រទេសម៉ាឡេស៊ី ចំនួន ១០ កំពុងស្វែងរកមើលលទ្ធភាព ក្នុងការវិនិយោគ នៅក្នុងគម្រោងអភិវឌ្ឍ នៅឯរដ្ឋធានី Nusantara ៕