នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានបង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងរវាងអូស្ត្រាលី អាមេរិក និងអង់គ្លេសដែលមានឈ្មោះថា AUKUS នឹងត្រូវចុះជាផ្លូវការនាថ្ងៃស្អែក ខណៈវាគឺជាកិច្ចព្រមព្រៀងការពារយុទ្ធសាស្ត្រដ៏ធំបំផុតមួយ។
យោងតាមការចុះផ្សាយពី ABC បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីមិនបានបង្ហើបពីព័ត៌មានលំអិតឡើយ គ្រាន់តែបង្ហើបថា កិច្ចព្រមព្រៀងមួយនេះគឺពាក់ព័ន្ធនឹងការផលិតនាវាមុជទឹកនុយក្លេអ៊ែរ និងអាចបង្កើតឱកាសការងាររហូតដល់ ២០ ០០០ កន្លែងក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។
សម្រាប់ការចុះកិច្ចព្រមព្រៀងនេះផងដែរ អូស្ត្រាលីអាចនឹងទទួលបាននាវាមុជទឹកច្រើនជាង ៨គ្រឿង ដែលធ្លាប់បានព្រមព្រៀងគ្នារយៈពេលកន្លងមក ខណៈរដ្ឋាភិបាលសង្កត់ធ្ងន់ថា ឱកាសការងារស្ទើរគ្រប់វិស័យនៅអូស្ត្រាលី នឹងមានកាន់តែច្រើន ដោយសារកិច្ចព្រមព្រៀងមួយនេះ។
ទន្ទឹមនឹងនោះមានសេចក្ដីសន្និដ្ឋានថា កិច្ចព្រមព្រៀង AUKUS នឹងបង្កើតការងារ ៨ ៥០០ កន្លែងសម្រាប់ការសាងសង់នាវាមុជទឹក ខណៈការងាររាប់ម៉ឺនកន្លែងទៀតនឹងផ្ដោតលើវិស័យពាក់ព័ន្ធ វិស័យការពារ និងផ្នែកសេវាកម្មសាធារណៈជាដើម៕