នាយករដ្ឋមន្ត្រីចិនថ្មី អះអាងផ្ដល់តម្លាភាពដល់វិស័យឯកជនឡើងវិញ

អន្តរជាតិ

នាថ្ងៃទី ១៣ មីនា នាយករដ្ឋមន្ត្រីចិនថ្មី Li Qiang បានសន្យាថា នឹងផ្ដល់តម្លាភាពដល់វិស័យ​ឯកជន​ឡើងវិញ ដោយអះអាងថា បរិយាកាសសម្រាប់អាជីវកម្មសហគ្រិន នឹង​មានភាពប្រសើរឡើង ខណៈ​សិទ្ធស្មើគ្នា​នឹងត្រូវផ្តល់ទៅឱ្យ​ក្រុមហ៊ុនទាំងអស់​ដោយមិនគិត​ពីប្រភេទ​នៃកម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំ អតីតប្រធានគណបក្សក្រុងសៀងហៃ ត្រូវទទួលរងបន្ទុក​ស្ដារ​សេដ្ឋកិច្ច​ប្រទេសមហាអំណាចអាស៊ីឡើងវិញ បន្ទាប់ពីជួបវិបត្តិកូវីដ ១៩ រហូតដល់ ៣ឆ្នាំ ហើយការ​ផ្ដល់​តម្លាភាពដល់វិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការ​អូសទាញវិនិយោគិនបរទេស។ នេះបើតាមការចុះផ្សាយពី CNA។

លោក Li Qiang ក៏បានបង្ហើបទៀតថា ចិននឹងព្យាយាមគ្រប់វិធីសាស្ត្រក្នុងការបង្កើនឱកាស​ការងារ​គ្រប់កន្លែង និងស្នើ​ឲ្យ​មន្ត្រីគ្រប់ជាន់ថ្នាក់​រាប់អានមិត្តជាមួយ​សហគ្រិន​នានា ដើម្បីជួយ​ដល់​ការ​លើកកំពស់​សេដ្ឋកិច្ច​ចិនឡើងវិញ។

គួររំលឹកដែរថា វិស័យឯកជននៅចិន​កំពុង​ធ្លាក់ចុះជាខ្លាំង ដោយសារ​តម្រូវការនាំចេញ​មាន​ទាប ស្របពេល​ចំណងមិត្តភាព​ជាមួយអាមេរិក​កាន់តែយ៉ាប់យ៉ឺនផង បណ្ដាលឲ្យ​វិស័យឯកជន​នៅចិន​កាន់តែ​ធ្លាក់ដុនដាបមួយកម្រិតទៀត។

ហេតុផលនេះហើយ ទើបនាយករដ្ឋមន្ត្រីចិនអះអាងថា គោលដៅបង្កើនទំហំសេដ្ឋកិច្ចចិន​ឲ្យដល់ ៥% នាឆ្នាំនេះ គឺជារឿងលំបាក ដ្បិតពួកគេជួបប្រទះបញ្ហាជាច្រើន ដូច្នេះទើបបុរសមានឥទ្ធិពល​បំផុតទី ២ អំពាវនាវឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់​ព្រួតដៃគ្នាធ្វើការ​កាន់តែខ្លាំង ដើម្បីសម្រេចគោលបំណង​រួមមួយនេះ៕