ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យកំពូលនៅចិន Country Garden Holdings បានប្រកាសកាលពីថ្ងៃទី ១៣ មីនាថា ក្រុមហ៊ុននឹងជួបការខាតបង់លើកដំបូង តាំងពីចុះបញ្ជីអាជីវកម្មនៅហុងកុងក្នុងឆ្នាំ ២០០៧។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនជួបប្រទះការខាតបង់មិនធ្លាប់មានកាលពីឆ្នាំទៅ គឺដោយសារទីផ្សារអចលនទ្រព្យកំពុងមានវិបត្តិ ដែលបណ្ដាលឲ្យប្រាក់ចំណូលធ្លាក់ចុះជាងការរំពឹងទុក។
Country Garden ព្យាករថា ចំណូលក្រុមហ៊ុនក្នុងឆ្នាំ ២០២២ អាចបាត់បង់ចន្លោះពី ៥,៥ ពាន់លានយ៉ន់ ទៅ ៧,៥ ពាន់លានយ៉ន់ ឬប្រហែលពី ៨០០លានដុល្លារ ដល់ ១,១ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០២១ ពួកគេទទួលបានប្រាក់ចំណេញដល់ទៅ ២៦,៨ ពាន់លានយ៉ន់។
សូមជម្រាបដែរថា ក្រុមហ៊ុនអចលនទ្រព្យនៅចិនស្ទើទាំងស្រុង សុទ្ធតែរងការខូចខាតយ៉ាងដំណំ តួយ៉ាងក្រុមហ៊ុន Logan Group Co Ltd ព្យាករថា ប្រាក់ចំណូលក្រុមហ៊ុនក្នុងឆ្នាំ ២០២២ អាចបាត់បង់ចន្លោះពី ៧ ដល់ ៩ពាន់លានយ៉ន់ ខណៈក្រុមហ៊ុន Sunac China ក៏អះអាងថា ក្រុមហ៊ុនរបូតលុយ ៥០០លានយ៉ន់ ដោយសារវិបត្តិអចលនទ្រព្យនៅចិនផងដែរ៕