ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បាននិយាយថា រដ្ឋាភិបាលប្រទេសរបស់ខ្លួន កំពុងស្ថិតនៅក្នុងការស្វែងរកលទ្ធភាព លើការចរចាឡើងវិញ ជុំវិញផែនការក្នុងការសាងសង់ផ្លូវដែកល្បឿនលឿន តភ្ជាប់ពីទីក្រុងកូឡាឡាំពួ ជាមួយប្រទេសសិង្ហបុរី បន្ទាប់ពីគម្រោងមួយនេះ ត្រូវបានភាគីខាងម៉ាឡេស៊ីលុបចោល ដោយសារព្រួយបារម្ភទៅលើរឿងតម្លៃខ្ពស់ពេក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New Straits Times ។
រដ្ឋមន្រ្តីក្រសួងដឹងជញ្ជូន លោក Anthony Loke Siew Fook បានបញ្ជាក់ឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានធ្វើការស្នើសុំឱ្យមានការពិភាក្សាឡើងវិញទៅលើគម្រោងដ៏ធំមួយនេះ ស្របពេលរដ្ឋាភិបាល ក៏នឹងយល់ព្រមបើកចំហរ ចំពោះការចូលរួមវិនិយោគពីសំណាក់វិស័យឯកជនផងដែរ ។
លើសពីនេះ លោក Anthony បានមានប្រសាសន៍ទៀតថា ៖ ” យើងនឹងបើកចំហចំពោះការដាក់ជូនសំណើណាមួយ ពីសំណាក់វិស័យឯកជន សម្រាប់គម្រោងនេះ។ ប៉ុន្តែ វានៅមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ ជុំវិញស្តាឡើងវិញ ទៅលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះនៅឡើយទេ ប៉ុន្តែច្បាស់ណាស់ថា យើងនៅមិនទាន់បញ្ឈប់វាទាំងស្រុងនោះឡើយ ” ។
យ៉ាងណាមិញ កាលពីខែមុន អនុរដ្ឋមន្ត្រីការបរទេសរបស់សិង្ហបុរី លោក Maliki Osman ក៏បានបង្ហាញឱ្យដឹងផងដែរថា រដ្ឋាភិបាលប្រទេសរបស់លោក បាននិងកំពុងត្រៀមខ្លួនរួចស្រេចផងដែរ ដើម្បីធ្វើការសិក្សាទៅលើសំណើណាមួយ ដែលម៉ាឡេស៊ី ដាក់ជូន នៅក្នុងគម្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនមួយនេះ ។
គួរឱ្យដឹងថា គម្រោងផ្លូវដែកល្បឿនលឿន ដែលមានប្រវែងប្រមាណ ៣៥០ គីឡូវម៉ែត្រ តភ្ជាប់រវាងទីក្រុងកូឡាឡាំពួ ទៅកាន់សិង្ហបុរី មួយនេះ ត្រូវបានភាគីប្រទេសទាំងពីរ ចាប់ផ្តើមចរចាគ្នា ចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ជាមួយនឹងតម្លៃប៉ានស្មានដំបូងចំនួន ១៧,៤ពាន់លានដុល្លារ ហើយក្រោយមកវាត្រូវបានកើនឡើងតម្លៃបន្ថែមទៀត ដល់ ២៧,៦ពាន់លានដុល្លារ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ភាគីខាងប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តផ្អាកការចរចាទៅលើគម្រោងនេះវិញ នៅក្នុងឆ្នាំ ២០១៨ ដោយសារតែវាមានតម្លៃខ្ពស់ពេក ព្រោះថាវាអាចធ្វើឱ្យម៉ាឡេស៊ី ប្រឈមមុខនឹងការក្ស័យធន។ លុះដល់ខែមករា ឆ្នាំ ២០២១ គម្រោងដ៏ធំមួយនេះ ក៏ត្រូវបានលុបចោលទាំងស្រុងតែម្តង ៕