កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សនៅចិន BYD Co Ltd បានច្រានចោលចចាមអារ៉ាមថា ក្រុមហ៊ុន Tesla Inc និងពួកគេមានទំនាក់ទំនងល្អក់កករ ជុំវិញការផ្គត់ផ្គង់អាគុយរថយន្ត។
យោងតាមការចុះផ្សាយពី The Korean Economic Daily បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា Tesla មិនបានទិញអាគុយរថយន្តបន្ថែមពី BYD សម្រាប់រថយន្តម៉ូដែល Tesla Model 3 ឡើយ បន្ទាប់ពីកុងត្រារវាងក្រុមហ៊ុនទាំង ២ ផុតសុពលភាពកាលពីដើមឆ្នាំនេះ។
យ៉ាងណា អ្នកតំណាងក្រុមហ៊ុនរថយន្តអគ្គិសនីលំដាប់ពិភពលោកទាំង ២ សុទ្ធតែបានអះអាងថា ព័ត៌មានខាងលើគឺជាការចុះផ្សាយរឿងប្រឌិត ខណៈក្រុមហ៊ុនទាំង ២ នៅតែបន្តការរកស៊ីជាមួយគ្នាដូចដើម។
“ការចុះផ្សាយរបស់សារព័ត៌មានមួយនោះ គឺជារឿងប្រឌិត ហើយទំនាក់ទំនងរវាង Tesla និង BYD គឺនៅតែមានភាពវិជ្ជមានដូចដើម”។ នេះបើតាមការសរសេររបស់លោក Elon Musk នៅលើបណ្ដាញសង្គម Twitter។
គួររំលឹកដែរថា អនុប្រធានក្រុមហ៊ុន BYD លោក Lian Yubo ធ្លាប់បង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CGTN កាលពីខែមិថុនាឆ្នាំទៅ ថា BYD កំពុងត្រៀមផ្គត់ផ្គង់អាគុយរថយន្តទៅកាន់ក្រុមហ៊ុន Tesla ក្នុងរយៈពេលឆាប់ៗ ប៉ុន្តែមកដល់ឥឡូវ ភាគីទាំងសងខាងមិនដែលរំលឹកពីកិច្ចព្រមព្រៀងនោះទាល់តែសោះ៕