នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នាថ្ងៃទី ១៤ មីនាថា លោកគាំទ្រពេញទំហឹងនូវកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ ដែលបង្កើតឡើងរវាង ៣ ប្រទេសគឺ អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

យោងតាមការចុះផ្សាយពី Nippon បានបង្ហាញថា ក្នុងរយៈពេល ១០នាទីនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំជប៉ុន និងអូស្ត្រាលី លោក Kishida បានបង្ហាញការពេញចិត្ត និងគាំទ្រជាខ្លាំង ជាមួយនឹងក្របខណ្ឌសុវត្ថិភាព AUKUS និងចាត់ទុកកិច្ចព្រមព្រៀងនេះ បានរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ដោយឡែក លោក Albanese បានពន្យល់ពីកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរថា អូស្ត្រាលីនឹងបន្តចូលរួមអភិវឌ្ឍន៍នាវាមុជទឹកនុយក្លេអ៊ែរជំនាន់ថ្មី ជាមួយអាមេរិក និងអង់គ្លេស ហើយនាថ្ងៃអនាគតនឹងផលិតដោយជោគជ័យខ្លួនឯង។

សូមជម្រាបដែរថា លោក Kishida និង Albanese សុទ្ធតែបានព្រមព្រៀងគ្នា រឹតចំណងមិត្តភាពជាមួយអាមេរិក និងអង់គ្លេស ដើម្បីសម្រេចបាននូវសិទ្ធសេរីភាព និងការបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕