កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី បានសម្រេចនូវកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ មានឈ្មោះថា AUKUS ដែលមានតម្លៃចន្លោះពី ២៦៨ ដល់ ៣៦៨ ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងមួយនេះ ហាក់ដូចបង្ហាញចេតនាយ៉ាងច្បាស់ចំពោះការប្រឆាំងជាមួយនឹងប្រទេសចិន ខណៈកន្លងមកចំណងមិត្តភាពរវាងអាមេរិក អូស្ត្រាលី និងមហាអំណាចចិន ក៏មិនសូវជាមានភាពវិជ្ជមានប៉ុន្មានដែរ។
ទន្ទឹមនឹងនោះ ចិនក៏មិននៅស្ងៀមដែរ ដោយបានថ្កោលទោសចំពោះកិច្ចព្រមព្រៀងមួយនេះ ដោយអះអាងថា កិច្ចព្រមព្រៀងនាវានុយក្លេអ៊ែរ AUKUS គឺរំលោភលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយពី 9News។

មហាអំណាចនៅអាស៊ីបញ្ជាក់ទៀតថា ការផ្ទេរសម្ភារៈអាវុធនុយក្លេអ៊ែរពីរដ្ឋអាវុធនុយក្លេអ៊ែរ ទៅកាន់រដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរ គឺជាការរំលោភលើស្មារតីនៃកតិកាសញ្ញា។
ជាមួយគ្នានោះ មន្ត្រីអូស្ត្រាលីបានច្រានចោលការរិះគន់របស់ចិន ដោយលើកហេតុផលថាខ្លួនកំពុងធ្វើការដើម្បីទទួលបាននាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអែរ និងមិនមែននាវាមុជទឹកដែលមានអាវុធនុយក្លេអ៊ែរទេ។
គួររំលឹកដែរថា អូស្ត្រាលីហាក់ងាកទៅរកលោកខាងលិច បន្ទាប់ពីប្រធានកិច្ចការចិនតៃវ៉ាន់ Dr. Lai Chung បានព្រមានកាលពីខែមុនថា បើសិនជាចិនវាយបែកតៃវ៉ាន់ អូស្ត្រាលីអាចនឹងក្លាយជាគោលដៅបន្ទាប់៕