អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា Honda បង្ហើបចង់វិនិយោគនៅ ២ប្រទេស ក្នុងតំបន់អាស៊ាន

អន្តរជាតិ

នៅក្នុងបទសម្ភាសថ្មីៗនេះ អតីតតារាបាល់ទាត់ និងជាអ្នកវិនិយោគ ជនជាតិជប៉ុន លោក Keisuke Honda បានបង្ហើបប្រាប់ឱ្យដឹងថា លោកមានគំនិតក្នុងការចាប់ផ្តើមបោះទុនបង្កើតអាជីវកម្ម​ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីលោកបានមើលឃើញពីសមត្ថភាពរបស់ប្រជាជនវ័យក្មេង កំពុងតែមានការកើនឡើង ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Honda បាននិយាយថា ៖ ” ខ្ញុំគិតថាអាស៊ីអាគ្នេយ៍គឺជាជម្រុកនៃគ្រាប់ពូជ ដែលវាបានផ្តល់អំណោយផលយ៉ាងខ្លាំង ក្នុងការចាប់ផ្តើមអាជីវកម្ម ” ។ នេះបើតាមអ្វីដែលលោកបានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Nikkei Asia អំឡុងពេលធ្វើដំណើទស្សនកិច្ច ទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលថ្មីៗនេះ។

ទន្ទឹមនឹងនោះ លោក Honda បានបង្ហើបប្រាប់ឱ្យដឹងថាទៀតថា លោកសង្ឃឹមអាចនឹងធ្វើការវិនិយោគទៅលើអាជីវកម្ម Startup ប្រហែលចំនួន ១០ ក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសគឺនឹងផ្តោតខ្ពស់ទៅលើអាជីវកម្មខ្សែសង្វាក់ត្រីក្លាសេ បើទោះបីជាលោក មិនបានប្រាប់អំពីឈ្មោះក្រុមហ៊ុន ឬទំហំនៃការវិនិយោគនេះក៏ដោយ ។

ក្រៅពីនេះ លោក Honda ក៏បាននិយាយទៀតថា លោកក៏កំពុងសម្លឹងរកមើលឱកាស ក្នុងការវិនិយោគនៅក្នុងប្រទេសវៀតណាមផងដែរ បន្ទាប់ពីបានមើលឃើញថាប្រជាជនរបស់វៀតណាម មានភាពឧស្សាហ៍ព្យាយាមខ្លាំងណាស់ ជាពិសេសគាត់ថែមទាំងបានប្រៀបធៀបពីភាពឧស្សាហ៍ព្យាយាមរបស់ជនជាតិវៀតណាម ទៅនិងជនជាតិជប៉ុនផងដែរ ។

គួរឱ្យដឹងផងដែរថា Honda ធ្លាប់ជាកីឡាករបាល់ទាត់ដ៏ឆ្នើមបំផុតមួយ និងជាកីឡាករជប៉ុនដំបូងគេ ដែលលេងឱ្យក្រុមយក្សរបស់អ៊ីតាលី AC Milan រួមទាំងក្លិបបាល់ទាត់ធំៗផ្សេងទៀត ដូចជា CSKA Moscow របស់រុស្ស៊ី និង Melbourne Victory របស់អូស្ត្រាលីផងដែរ ។ ក្រៅពីនោះ លោកក៏ធ្លាប់លេងតំណាងឱ្យក្រុមជម្រើសជាតិជប៉ុន នៅក្នុងការប្រកួតពានរង្វាន់ World Cup ចំនួន ៣ លើក និងថែមទាំងបានធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ផងដែរ ។

សម្រាប់ផ្នែកអាជីវកម្មវិញ លោក Honda បានបង្កើតមូលនិធិមួយ ដែលមានឈ្មោះថា KSK Angel ក្នុងឆ្នាំ ២០១៦ ដោយផ្តោតទៅលើការវិនិយោគ ក្នុងអាជីវកម្មចាប់ផ្តើមថ្មីៗ ជាច្រើន នៅក្នុងសហរដ្ឋមអាមេរិក និងជប៉ុន។ ហើយក្នុងចំណោមអាជីវកម្មនោះ លោកបានបណ្តាក់ទុនប្រមាណ ១៨០ហ៊ុន ដោយក្នុងហ៊ុននីមួយៗមានតម្លៃអប្បបរមា ២,៥លានយ៉េន (១៨ ០០០ដុល្លារ) ដែលគេប៉ាន់ស្មានថាតម្លៃសរុបនៃការវិនិយោគទាំងនោះ មានប្រហែលជាច្រើនរយលានយ៉េនឯណោះ ៕