សេដ្ឋីជប៉ុន ធ្លាប់ជួយ 7-Eleven ល្បី​រន្ទឺ​ពេញពិភពលោក ទទួលមរណភាព ក្នុងវ័យ ៩៨ ឆ្នាំ

អន្តរជាតិ

លោក Masatoshi Ito ដែលត្រូវបានគេស្គាល់ថាជាបុរស ដែលបានធ្វើឱ្យហាងលក់ទំនិញរាយ 7-Eleven ល្បីពាសពេញពិភពលោក ឥឡូវនេះបានទទួលមរណភាពហើយ នៅក្នុងវ័យ ៩៨ ឆ្នាំ ដោយសារតែជរាពាធ។ នេះបើតាមការបញ្ជាក់ដោយក្រុមហ៊ុន Seven & I Holdings ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ito ធ្លាប់បានបម្រើការងារជាប្រធានកិត្តិយសរបស់ក្រុមហ៊ុន Seven & I Holdings ដែលប្រតិបត្តិការទៅលើហាងលក់ទំនិញរាយប្រហែលជាង ៨០ ០០០ ហាងនៅទូទាំងពិភពលោក រួមទាំងហាង 7-Eleven និងហាង Speedway នៅក្នុងសហរដ្ឋអាមេរិកផងដែរ ។

គួរឱ្យដឹងថា ក្រុមហ៊ុន Seven & I Holdings មានអាយុកាលចាប់តាំងពីឆ្នាំ ១៩២០ មកម្លេះ នៅពេលដែលពូ របស់លោក Ito បានបើកហាងលក់សម្លៀកបំពាក់តូចមួយឈ្មោះថា Yokado នៅក្នុងទីក្រុងតូក្យូ ហើយក្រោយមក គាត់បានសម្លឹងឃើញឱកាស ដើម្បីងាកមកលក់ទំនិញផ្សេងៗបន្ថែមទៀត ដូចជាអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ និងបានប្តូរឈ្មោះហាងទៅជា Ito Yokado ហើយបានចាប់ផ្តើមបើកដំណើរអាជីវកម្មដូចជាផ្សារទំនើប។

ក្រោយមកទៀត ក្រុមហ៊ុន Ito Yokado បានសម្រេចធ្វើកិច្ចព្រមព្រៀងស្នើសុំឈ្មោះពីម្ចាស់ហាង 7-Eleven គឺក្រុមហ៊ុន Southland និងបានបើកហាង 7-Eleven ដំបូងនៅប្រទេសជប៉ុន ក្នុងទីក្រុងតូក្យូ នៅឆ្នាំ ១៩៧៤ ។ ហើយចុងក្រោយ ក្រុមហ៊ុនរបស់លោក Ito ក៏បានសម្រេចទិញភាគហ៊ុនទាំងស្រុងពី Southland ក្នុងខែមីនា ឆ្នាំ ១៩៩១ ។

នៅមួយឆ្នាំក្រោយមក លោក Ito ក៏បានសម្រេចចិត្តលាលែងចេញពីតំណែង ជាប្រធានក្រុមហ៊ុន Ito Yokado ហើយបន្ទាប់ពីនោះ ក្រុមហ៊ុនក៏ត្រូវបានប្តូរឈ្មោះទៅជា Seven & I Holdings វិញ នៅក្នុងឆ្នាំ ២០០៥ ប៉ុន្តែលោក Ito នៅតែត្រូវបានគេតែងតាំងជាប្រធានកិត្តិយសរហូតដល់គាត់ បានចែកឋាន ៕