កាលពីពេលថ្មីៗនេះ អាមេរិក និងសម្ព័ន្ធមិត្តបានសម្រេចនូវកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរមួយ ដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ ប៉ុន្តែទន្ទឹមនឹងនោះក៏មានការរិះគន់ពីអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីផងដែរ។
យោងតាមការចុះផ្សាយពី Skynews បានបង្ហាញថា អតីតនាយករដ្ឋមន្ត្រី Paul Keating បានរិះគន់ចំៗចំពោះកិច្ចព្រមព្រៀងរវាងអាមេរិក អង់គ្លេស និងអូស្ត្រាលីថា ជាកិច្ចព្រមព្រៀងអាក្រក់បំផុត តាំងពីជំនាន់សង្គ្រាមលោកលើកទី១។
បន្ថែមពីនោះ លោក Paul ក៏បានសង្កត់ធ្ងន់ថា អូស្ត្រាលីកំពុងដើរផ្លូវខុស ហើយនាយករដ្ឋមន្ត្រី Anthony Albanese កំពុងមានទីប្រឹក្សាអន់បំផុត ២ រូបគឺ Penny Wong និង Richard Marles។
ក្រោយពីរិះគន់កិច្ចព្រមព្រៀងនាវានុយក្លេអ៊ែរហើយ អតីតនាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងថា ចិនមិនមែនជាគូសត្រូវនឹងអូស្ត្រាលីឡើយ ហើយប្រទេសមួយនេះក៏មិនចាំបាច់ត្រូវការនាវាមុជទឹកនុយក្លេអ៊ែរដូចគ្នា៕