កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបញ្ជាក់ច្បាស់ៗថា លោកចង់ជួបជជែកជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងពេលឆាប់ៗ ទោះតាមរយៈទូរស័ព្ទ និងតាម Video Call ក្ដី។

យោងតាមរបាយការណ៍ផ្សាយដោយសេតវិមានបានបង្ហាញថា ប្រធានាធិបតីអាមេរិក ពិតជាបញ្ជាក់ថា ចង់ជួបនិយាយជាមួយលោក ស៊ី ជិនពីង ពិតមែន ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងនៃការណាត់ជួបនៅឡើយ។

ទន្ទឹមនឹងនោះ លោក ចូ បៃឌិន ក៏បាននិយាយថា ចិនអាចនឹងមិនទទួលសេចក្ដីប្រកាសពីអាមេរិក អង់គ្លេស និងអូស្ត្រាលី ទាក់ទងនឹងការផ្តល់នាវាមុជទឹកនុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលី ក្រោមភាពជាដៃគូរបស់ AUKUS ជាការឈ្លានពានចំពោះប្រទេសចិននោះទេ។
សូមជម្រាបថា បើទោះជាប្រធានាធិបតីអាមេរិក និយាយច្បាស់ៗចង់ជួបជជែកជាមួយប្រធានាធិបតីចិនឆាប់ៗក៏ពិតមែន ប៉ុន្តែភាគីខាងចិនមិនទាន់និយាយអ្វីទាក់ទងនឹងរឿងរ៉ាវនេះ ស្របពេលខាងអាមេរិកក៏មិនបង្ហើបពីកាលបរិច្ឆេទច្បាស់លាស់ដូចគ្នា៕