ថ្មីៗនេះ ក្រុមហ៊ុន Meta បានធ្វើការប្រកាសអំពីផែនការ ក្នុងការកាត់បន្ថយការងារចំនួន ១០ ០០០ កន្លែងបន្ថែមទៀត ក្នុងរយ:ពេលប៉ុន្មានខែខាងមុខ ខណ:ពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន លោក Mark Zuckerberg មានគោលបំណងកាត់បន្ថយការចំណាយ ចំពេលវិស័យបច្ចេកវិទ្យា នៅសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះខ្លាំង ។ នេះបើតាមការចុះផ្សាយពី FinancialTimes ។
យ៉ាងណាមិញ ចំពោះការផ្លាស់ប្តូរចុងក្រោយនេះ ត្រូវបានធ្វើឡើងកាលថ្ងៃអង្គារ បន្ទាប់ពីក្រុមហ៊ុន Meta បានធ្វើការកាត់បន្ថយការងារចំនួន ១១ ០០០ កន្លែងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។ ហើយជាមួយនឹងការប្រកាសកាត់បន្ថយការងារ លើកទីពីរនេះ នឹងធ្វើឱ្យក្រុមហ៊ុន ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ ដកចេញកម្លាំងពលកម្មរបស់ខ្លួន ប្រហែល ២៥% ក្នុងរយ:ពេលត្រឹមតែ ៤ ខែចុងក្រោយប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះ នៅលើការបង្ហោះសារចុងក្រោយមួយ លោក Mark បាននិយាយថា ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន នឹងមានផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីបង្រួបបង្រួមអង្គភាពរបស់ខ្លួន ក្នុងរយ:ពេល ២ ទៅ ៣ ខែខាងមុខ ដោយ Meta នឹងលុបចោលគម្រោងមិនអាទិភាពចំនួន និងកាត់បន្ថយអត្រាជួលបុគ្គលិក ក៏ដូចជាបិទការងារ ដែលទំនេរចោល ចំនួន ៥ ០០០ កន្លែងផងដែរ ។
ជម្រាបជូនឱ្យផងដែរថា ការប្រកាសកាត់បន្ថយការងារដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ មិនមែនជារឿងថ្មី សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកនោះឡើយ ដោយកាលពីកន្លងទៅ ក្រុមហ៊ុន Amazon , Google និង Microsoft ក៏បានប្រកាសដាក់ចេញផែនការកាត់បន្ថយបុគ្គលិកស្រដៀងគ្នានេះផងដែរ ៕