Samsung គ្រោងបោះទុនវិនិយោគ ២៣០ពាន់លានដុល្លារ ដើម្បីសម្រេច​មហិច្ឆតា​ធំមួយរបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung Electronics របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ទី ១៥ ខែមីនានេះថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ៣០០ ទ្រីលានវ៉ុន (២៣០ពាន់លានដុល្លារ) ក្នុងរយ:ពេល ២០ ឆ្នាំខាងមុខ ដើម្បីចូលរួមជាផ្នែកមួយនៃមហិច្ឆតារបស់រដ្ឋាភិបាល ក្នុងការកសាងប្រទេសខ្លួន ឱ្យក្លាយទៅជាមូលដ្ឋានផលិតកម្មបន្ទះឈីប semiconductor ដ៏ធំបំផុតរបស់ពិភពលោក ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសថា នេះអាចជាចំនួនទឹកប្រាក់វិនិយោគដ៏ច្រើនបំផុតមួយ នៅក្នុងវិស័យឯកជន ដែលស្ថិតនៅក្រោមយុទ្ធសាស្រ្ត ដាក់ចេញដោយរដ្ឋាភិបាល ក្នុងការបន្ធូរបន្ថយពន្ធ និងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនឱ្យមានការប្រកួតប្រជែង នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតបន្ទះឈីប អេក្រង់ និងថ្ម ជាដើម ។

​លើសពីនេះ បើតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បាននិយាយថា ចំពោះការវិនិយោគក្នុងចំនួនទឹកប្រាក់ដ៏ច្រើននេះ ក្រុមហ៊ុន Samsung នឹងបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីៗចំនួន ៥ បន្ថែមទៀត នៅក្នុងខេត្ត Gyeonggi រហូតដល់ឆ្នាំ ២០២៤ ខណ:ពួកគេ ក៏មានបំណងទាក់ទាញក្រុមហ៊ុនចំនួន ១៥០ ផ្សេងទៀត ដែលផលិតវត្ថុធាតុដើម គ្រឿងបន្លាស់ បន្ទះឈីប ក៏ដូចជាអង្គការស្រាវជ្រាវ និងអភិវឌ្ឍបន្ទះឈីប semiconductor ឱ្យមកកាន់ប្រទេសកូរ៉េខាងត្បូង តាមរយ:ក្រុមហ៊ុនរបស់ខ្លួន ផងដែរ ។

ជម្រាបជូនផងដែរថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានចាត់ទុកថាជាកន្លែងផលិតបន្ទះឈីបអង្គចងចាំ ធំជាងគេបំផុតរបស់ពិភពលោក ដោយ Samsung Electronics និង SK Hynix Inc ហើយក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះ កំពុងព្យាយាមធ្វើការកែលម្អទៅលើស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីក្លាយជាតួអង្គសំខាន់ នៅក្នុងវិស័យផលិតបន្ទះឈីប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនកំពូលៗដូចជា Taiwan Semiconductor Manufacturing Co Ltd និង Intel Corp ៕