ចំនួនប្រជាជនចិនបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្ស

អន្តរជាតិ

កាលពីឆ្នាំទៅ ចំនួនប្រជាជនចិនមានការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាច្រើន​ទសវត្ស ស្របពេលអត្រាកំណើតក្នុងប្រទេសក៏មានការថយចុះផង។ នេះបើតាមការចុះផ្សាយពី AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា អ្នកជំនាញជាច្រើនរូបសុទ្ធតែជឿថា មិនមែនទើបតែឆ្នាំទៅទេ ដែលអត្រាកំណើន​ប្រជាជនមានការថយចុះ ពោលវាបានកើតឡើងរយៈពេល ២-៣ឆ្នាំមកហើយ។

ទន្ទឹមនឹងនោះ ក៏មានការព្រួយបារម្ភទាក់ទងនឹងកំណើនសេដ្ឋកិច្ចផងដែរ ដ្បិតកត្តាប្រជាជនគឺជា​ចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកលូតលាស់។

យោងតាមរបាយការណ៍ចេញដោយការិយាល័យស្ថិតិជាតិធ្លាប់រាយការណ៍ថា ចំនួនប្រជាជនចិន​នាចុងឆ្នាំ ២០២២ មានតិចជាងឆ្នាំមុនៗប្រមាណ ៨៥០ ០០០ នាក់ ខណៈចំនួននេះមិនរាប់​បញ្ចូល​ប្រជាជននៅហុងកុង ម៉ាកាវ និងជនបរទេសដែលរស់នៅក្នុងប្រទេសចិនឡើយ។

ដោយឡែក ចំពោះអត្រាកំណើតមាន ៩,៥៦ លាន ប៉ុន្តែអត្រាមរណភាពមានរហូតដល់ ១០,៤១ លានក្នុងឆ្នាំ ២០២២ ខណៈគេសង្ស័យថាកូវីដ ១៩ អាចជាមូលហេតុចំបង ដែលធ្វើឲ្យអត្រា​មរណភាពនៅចិនកើតមានច្រើនបែបនេះ។

គួររំលឹកដែរថា ប្រទេសចិនជួបនឹងការធ្លាក់ចុះនៃចំនួនប្រជាជនបែបនេះចុងក្រោយបង្អស់នៅ​ជំនាន់គោលនយោបាយមហាលោតផ្លោះ ដែលមានលោក ម៉ៅ សេទុង ជាមេដឹកនាំនៅចុង​ទសវត្ស ១៩៥០ ខណៈគ្រានោះបានបង្កគ្រោះមហន្តរាយ សម្រាប់ការធ្វើកសិកម្មសមូហភាព និងឧស្សាហូបនីយកម្ម និងបង្កើតជាគ្រោះទុរ្ភិក្សដ៏ធំ សម្លាប់មនុស្សរាប់សិបលាននាក់។

ជាមួយនឹងការធ្លាក់ចុះនៃចំនួនប្រជាជនបែបនេះ ចិនអាចនឹងរបូតតំណែងជាប្រទេសមាន​ប្រជាជនច្រើនបំផុត ដ្បិតចំនួនប្រជាជនឥណ្ឌាមានការកើនឡើងពី ១,៤១២ ដល់ ១,៤១៧ ពាន់លាននាក់នៅឆ្នាំ ២០២២ ខណៈចិនមានប្រជាជនប្រមាណ ១,៤២៦ ពាន់លាននាក់៕