ប្រទេសចិនជួបប្រទះបញ្ហាចំនួនប្រជាជនធ្លាក់ចុះមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្ស ហើយរដ្ឋាភិបាលព្យាយាមធ្វើគ្រប់វិធីសាស្ត្រ ក្នុងការបង្កើនអត្រាកំណើតឡើងវិញ។

ក្នុងនោះ រដ្ឋាភិបាលចិនបានប្រកាសថា នឹងរឹតបន្តឹងថ្លៃបណ្ដាការកូនក្រមុំ កុំឲ្យក្រុមគ្រួសារខាងកូនស្រីបង្គាប់ថ្លៃបណ្ដាការថ្លៃខ្លាំងពេក ស្របពេលគោលនយោបាយគ្រួសារមួយកូនមួយ (One Child Policy)ដែលទើបបញ្ចប់កាលពីឆ្នាំ ២០១៦ ក៏បានកាត់បន្ថយអត្រាកំណើតស្រាប់ ដូច្នេះប្រជាជនចិនចាំបាច់ត្រូវរៀបការ ដើម្បីអត្រាកំណើតអាចមានកំណើនឡើងវិញ។ នេះបើតាមការចុះផ្សាយពី MSN។

ជាមួយនឹងការប្រកាសរឹតបន្តឹងវិធានការថ្មីនេះ ក៏ទទួលបានការគាំទ្រពីខាងស្ត្រីផងដែរ ពោលស្ត្រីនៅលីវ ៣០ នាក់នៅខេត្ត Jiangxi បានចុះហត្ថលេខាលើញត្តិ ប្រឆាំងនឹងការទារថ្លៃបណ្ដាការថ្លៃជ្រុល។ នេះបើតាមការចុះផ្សាយពី The Papaer កាលពីថ្ងៃទី ០៨ កុម្ភៈ។
ដោយឡែក សារព័ត៌មាន Tencent News ក៏បានរាយការណ៍បន្ថែមថា ជាទូទៅថ្លៃបណ្ដាការ គឺជាការទាមទារពីក្រុមគ្រួសារខាងកូនក្រមុំ និងអនុញ្ញាតិឲ្យគ្រួសារកូនកំលោះធ្វើការតថ្លៃ ប៉ុន្តែពេលខ្លះគ្រួសារកូនស្រីទារថ្លៃរហូតដល់រាប់ម៉ឹនដុល្លារ ខណៈ GDP ប្រជាជននៅចិនមានជាង ៥ ០០០ ដុល្លារប៉ុណ្ណោះ។

យ៉ាងណា កាសែត SCMP បានចុះផ្សាយថា ដោយសារការលុបបំបាត់គោលនយោបាយ One Child Policy ទើបគ្រួសារមានជីវភាពធូរធារខ្លះ ចាប់ផ្ដើមទាមទារថ្លៃបណ្ដាការជ្រុល ដោយសាររដ្ឋាភិបាលអនុញ្ញាតិឲ្យគ្រួសារមួយ អាចមានកូនរហូតដល់ ៣ នាក់។
សូមជម្រាបដែរថា ដើម្បីបង្កើនអត្រាកំណើតឡើងវិញ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការលើកទឹកចិត្តប្រជាជនឲ្យរៀបការ ដូចជានៅទីក្រុង Hangzhou នឹងផ្ដល់ទឹកប្រាក់ជិត ៣ ០០០ ដុល្លារ សម្រាប់គ្រួសារដែលមានកូនទី ៣ និងនៅទីក្រុងខ្លះទៀត ចេញច្បាប់ឈប់សម្រាកដល់បុគ្គលិករហូតដល់ ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃរៀបការថែមទៀត៕