នាថ្ងៃទី ១៦ មីនានេះ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានធ្វើដំណើរទៅដល់ប្រទេសជប៉ុន ជាមួយក្ដីរំពឹងបើកទំព័រមិត្តភាពថ្មីជាមួយជប៉ុន។ នេះបើតាមការចុះផ្សាយពី CNA។
ដំណើរទស្សនកិច្ចរបស់លោក Yoon កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសថា មានគម្រោងផ្ដល់ប្រាក់សំណងដល់ប្រជាជនកូរ៉េ ដែលរងគ្រោះដោយការបង្ខិតបង្ខំកម្លាំងពលកម្មក្នុងសម័យសង្គ្រាមជប៉ុន។
ប្រភពដដែលបន្ថែមថា ដំណើរទស្សនកិច្ចមួយនេះអាចនឹងជាកិច្ចចាប់ផ្ដើមឡើងវិញ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដ្បិតនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida អាចនឹងអញ្ជើញលោក Yoon ចូលរួមកិច្ចប្រជុំកំពូល G7 ធ្វើឡើងនៅខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងអាចធ្វើទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលនាពេលបន្ទាប់។
សូមជម្រាបដែរថា តាំងពីជាប់ឆ្នោតកាលពីឆ្នាំទៅ លោក Yoon បានប្រកាសច្បាស់ៗពីគោលបំណងចង់ផ្សះផ្សាទំនាក់ទំនងជាមួយនឹងប្រទេសជប៉ុនវិញ និងចាត់ទុករឿងនេះជាអាទិភាពសំខាន់បំផុត។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ប្រធានាធិបតីកូរ៉េខាងត្បូងចាត់ទុកកិច្ចប្រជុំពេញលេញរវាងប្រទេសទាំង ២ ជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំ ជាជំហានសំខាន់បំផុតក្នុងការរឹតចំណងមិត្តភាពពួកគេឡើងវិញ៕