នាថ្ងៃទី ១៦ មីនានេះ ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ីបានប្រកាសចាប់ដៃធ្វើការរួមគ្នា និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក លើវិស័យបច្ចេកវិទ្យា បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់ (MOU) រវាងប្រទេសទាំង២។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ការចុះ MOUs រវាងប្រទេសទាំង២ គឺបង្ហាញពីការពន្លឿនកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងឥណ្ឌូណេស៊ី ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយប្រចាំតំបន់អាស៊ាន។
ក្រៅពីចុះ MOU លើការផ្លាស់ប្ដូរបទពិសោធន៍លើវិស័យបច្ចេកវិទ្យា សិង្ហបុរី និងឥណ្ឌូណេស៊ីក៏នឹងចុះអនុស្សរណៈនៃការយោគយល់លើវិស័យជាច្រើនដូចជា៖
- ថាមពលកកើតឡើងវិញ
- ការអភិវឌ្ឍន៍ទីក្រុង និងលំនៅដ្ឋានប្រកបដោយនិរន្តរភាព
- ការចែករំលែកចំណេះដឹង ស្រាវជ្រាវ និងលទ្ធភាពសាងសង់ផ្សេងៗ
- ការផ្ដល់ជំនួយ ពេលភាគីណាមួយជួបគ្រោះមហន្តរាយ
- កិច្ចសហការលើវិស័យសុខាភិបាល
បន្ថែមពីនោះ ការចុះ MOU ជំនួញ និងជំនួញ ៩ ក៏បានចុះហត្ថលេខារវាងប្រទេសទាំង ២ ដែលផ្ដោតពិសេសលើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យសុខាភិបាល។
គួររំលឹកដែរថា សិង្ហបុរីគឺជាវិនិយោគិនបរទេសធំបំផុតប្រចាំឥណ្ឌូណេស៊ី តាំងពីឆ្នាំ ២០១៤ ខណៈកាលពីឆ្នាំទៅ សិង្ហបុរីបានបណ្ដាក់ទុននៅក្នុងប្រទេសឥណ្ឌូណេស៊ីរហូតដល់ ១៣ពាន់លានដុល្លារ៕