ថ្មីៗនេះ គណ:រដ្ឋមន្ត្រីរបស់ប្រទេសថៃ បានធ្វើការអនុម័តទៅលើសំណើមួយចំនួន អំឡុងកិច្ចប្រជុំចុងក្រោយមួយ មុនពេលនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវសម្រេចរំលាយសភា ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតជាសកល នៅខែឧសភា ឆ្នាំ ២០២៣ នេះ។
យោងតាមការចុះផ្សាយពីសារពត័ត៌មាន VNA បានបង្ហាញឱ្យដឹងថា កិច្ចប្រជុំ ដែលដឹកនាំដោយលោក ប្រាយុទ្ធ កាលពីថ្ងៃទី ១៣ ខែមីនាកន្លងទៅនេះ គឺបានសម្រេចអនុម័តទៅលើការបែងចែកថវិកាសម្រាប់ក្រសួងនានា នៅក្នុងចំនួន ៣,៣៥ទ្រីលានបាត (៩៧ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១ ខែតុលាតទៅ។ ហើយក្នុងចំណោមថវិការសរុបនោះ ទឹកប្រាក់ចំនួន ២៤ពាន់លានបាត នឹងត្រូវបែងចែកសម្រាប់គម្រោងផ្លូវល្បឿនលឿន ខណ:ទឹកប្រាក់ចំនួន ៦២ពាន់លានដុល្លារ ផ្សេងទៀត នឹងត្រូវផ្តល់ជូនទៅកាន់ទូរគមនាគមន៍ជាតិ និងការផ្តល់អាជ្ញាប័ណ្ណ។
ទន្ទឹមនឹងនេះ គណ:រដ្ឋមន្ត្រីថៃ ក៏បានធ្វើការអនុម័ត ទៅលើការដំឡើងប្រាក់បៀវត្សរ៍ ដែលមានចំនួនរហូតដល់ ៤,៨ពាន់បាត ក្នុងមួយឆ្នាំ សម្រាប់មន្ត្រីសាលាក្រុង ក៏ដូចជាការផ្តល់ជូនទឹកប្រាក់ចំនួន ៧១៦លានបាតផ្សេងទៀត សម្រាប់កម្មវិធីធានាតម្លៃជូន កសិករដាំពោត និងការផ្តល់ជូនអត្រាការប្រាក់ទាប ដែលមានតម្លៃ ១ពាន់លានបាតផងដែរ ។
លើសពីនេះ រដ្ឋមន្ត្រី ក៏បានចុះហត្ថលេខាលើសំណើ ដើម្បីពង្រីកដល់ការលើកលែងពន្ធលើប្រាក់ចំណូល ឬកាត់បន្ថយការវិនិយោគលើបង្កាន់ដៃប្រាក់បញ្ញើ ដែលភ្ជាប់ទៅនឹងភាគហ៊ុន របស់ក្រុមហ៊ុនណាមួយ ដែលបានចុះបញ្ជីនៅក្រៅប្រទេសថៃ ថែមទៀតផង ។
លោក Thanakorn Wangboonkongchana រដ្ឋមន្ត្រីទីស្តីការគណ:រដ្ឋមន្ត្រីថៃ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំថាគណ:រដ្ឋមន្ត្រីថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ អាចនឹងបញ្ជាឱ្យរំលាយសភា នៅថ្ងៃទី ២០ ខែមីនាខាងមុខ។ ហើយជាមួយគ្នានោះ គណ:កម្មាធិការរៀបចំការបោះឆ្នោតថៃ បានធ្វើការកំណត់យកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣ ជាកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតសកល ៕