ម៉ាឡេស៊ី រំពឹងទុកខ្ពស់ថា សេដ្ឋកិច្ចរបស់ខ្លួនអាចនឹងកើនឡើងក្នុងរង្វង់ ៤,៥% នៅឆ្នាំនេះ

អន្តរជាតិ

ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី បានធ្វើការអះអាងថា ប្រទេសរបស់ខ្លួននឹងមិនទទួលរងនូវវិបត្តិសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២៣ នេះនោះឡើយ បើទោះពីជាមានបញ្ហាប្រឈមខ្លាំង ទាក់ទិនទៅនឹងភាពមិនប្រាកដប្រជាជាសកលក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឆ្លើយតបទៅកាន់សំណួរអំឡុងកិច្ចប្រជុំសភា កាលពីថ្ងៃទី ១៤ ខែមីនា អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Steven Sim Chee Keong បានកក់សម្គាល់ថា រដ្ឋាភិបាល រំពឹងថាសេដ្ឋកិច្ចអាចនឹងមានការកើនឡើងប្រហែល ៤,៥% នៅឆ្នាំនេះ ពោលគឺស្របទៅនឹងអ្វីដែលត្រូវបានព្យាករដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងកំណើន ៤,៤% និងធនាគារពិភពលោក ដែលបានព្យាករពីអត្រាកំណើន ៤% ។

លើសពីនេះ លោក Steven បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាល ក៏នឹងធ្វើឱ្យប្រទេសម៉ាឡេស៊ី ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញជាងមុន តាមរយ:ការសម្រួលដល់ដំណើការក្នុងការវិនិយោគ ក៏ដូចជាបង្កើតអាជីវកម្មចាប់ផ្តើមថ្មីៗ ឱ្យកាន់តែច្រើន ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងបង្កើតការងារឱ្យកាន់តែច្រើន ជាមួយនឹងប្រាក់ចំណូលសមរម្យផងដែរ ។

អនុរដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា ការឧបត្ថម្ភធន ជំនួយសាច់ប្រាក់ និងការលើកទឹកចិត្តផ្សេងៗ ជាមួយនឹងការបែងចែកថវិកាសរុបចំនួន ៦៤ពាន់លានរីងហ្គីត នឹងបន្តធ្វើឡើង រួមជាមួយនឹងកម្មវិធីកំណត់តម្លៃ ក៏ដូចជាស្តង់ដារតម្លៃសម្រាប់តម្រូវការមូលដ្ឋានមួយចំនួន ថែមទៀតផង ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ។

ជាងនេះទៅទៀត ដើម្បីកសាងសហគ្រាសធុនតូច និងមធ្យម (MSMEs) ឡើងវិញ ក្រោយជំងឺរាតត្បាត លោក Steven បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលបានផ្តល់ជូនមូលនិធិលើកទឹកចិត្ត ក៏ដូចជាការកាត់បន្ថយពន្ធ ប្រាក់កម្ចី និងការធានាហិរញ្ញប្បទាន ជាមួយនឹងការបែកចែកថវិកាជាង ៤០ពាន់លានរីងហ្គីត ឯណោះ ៕