គិតតែក្នុងខែមីនានេះ ធនាគារអាមេរិកធំៗចំនួន ៦ បានបាត់បង់ទឹកប្រាក់នៅលើទីផ្សារប្រហែល ១៦៥ពាន់លានដុល្លារ ឬប្រមាណ ១៣% បន្ទាប់ពីប្រជាជននាំគ្នាសម្រុកទៅដកលុយ។

យោងតាមការចុះផ្សាយពី FT បានឲ្យដឹងថា ធនាគារអាមេរិកធំៗកំពុងជួបបញ្ហាប្រឈមជាខ្លាំង តួយ៉ាងតម្លៃហ៊ុននៃធនាគារ Citigroup និង Morgan Stanley ជួបប្រទះការធ្លាក់ចុះខ្លាំងបំផុតកាលពីថ្ងៃពុធ ខណៈធនាគារ Bank Of America ក៏ធ្លាក់ខ្លាំងបំផុតរយៈពេល ២ឆ្នាំចុងក្រោយ។
ដោយឡែក ក្រុមវិនិយោគិនក៏បានព្យាករណ៍បន្ថែមថា ប្រាក់ចំណូលនៃធនាគារធំៗ ៣ទៀតដូចជា Goldman Sachs, JPMorgan Chase និង Wells Fargo ក៏នឹងអាចមានការខាតបង់ដូចគ្នា។

គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ ធនាគារ Silicon Valley Bank ដែលជាធនាគារធំបំផុតលំដាប់ទី ១៦ នៅអាមេរិកបានដួលរលំ ក្រោយអតិថិជនសម្រុកដកប្រាក់ បន្ទាប់ពីមានការតំឡើងការប្រាក់នៅធនាគារកណ្ដាល៕