កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Sumitomo Corp និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម BRG Group បានបង្ហើបឲ្យដឹងថា ពួកគេមានបំណងចង់ចាប់ផ្ដើមដំណើរការសាងសង់ទីក្រុងឆ្លាតវៃហូជីមិញ តម្លៃ ៤,២ពាន់លានដុល្លារនៅឆ្នាំនេះ។

យោងតាមការចុះផ្សាយពី VNExpress បានបង្ហាញថា ប្រធានក្រុមហ៊ុន Sumimoto លោក Shiomi Keigo ចង់ពន្លឿនការសាងសង់គម្រោងមួយនេះ នៅក្នុងឆ្នាំ ២០២៣ ស្របពេលប្រធានក្រុមហ៊ុន BRG អ្នកស្រី Nguyen Thi Nga ក៏បង្ហាញក្ដីសង្ឃឹមដូចគ្នា។

អ្នកស្រីបាននិយាយថា គម្រោងទីក្រុងឆ្លាតវៃមួយនេះ នឹងផ្ដល់នូវដំណោះស្រាយបែបឆ្លាតវៃលើវិស័យថាមពល ចរាចរណ៍ រដ្ឋបាល និងការអប់រំ ខណៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Yamada Takio គម្រោងមួយនេះនឹងក្លាយជាជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។

សូមជម្រាបដែរថា គម្រោងទីក្រុងឆ្លាតវៃនេះនឹងលាតសន្ធឹងលើផ្ទៃដី ២៧២ ហិចតា ជាមួយគោលបំណងក្លាយជាទីក្រុងទំនើបបំផុតនៅអាស៊ីអាគ្នេយ៍ និងមានអគារកំពស់រហូតដល់ ១០៨ ជាន់នៅទីនោះផង៕