កាលពី ២ថ្ងៃមុន រដ្ឋាភិបាលបារាំងបានប្រកាសថា នឹងធ្វើកំណែទម្រង់កែប្រែច្បាប់ចូលនិវត្តពីអាយុ ៦២ ដល់ ៦៤ឆ្នាំ ដោយមិនរង់ចាំការសម្រេចពីរដ្ឋសភាឡើយ ដ្បិតពួកគេដឹងច្បាស់ថា នឹងមិនទទួលបានការគាំទ្រពីសមាជិករដ្ឋសភា សម្រាប់ការអនុម័តច្បាប់ថ្មីនេះ។ នេះបើតាមការចុះផ្សាយពី BBC។
នាយករដ្ឋមន្ត្រី Elisabeth Borne ត្រូវទទួលបានការរិះគន់ បន្ទាប់ពីលោកស្រីប្រើប្រាស់ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៤៩:៣ ដែលអនុញ្ញាតិឲ្យរដ្ឋាភិបាលធ្វើការសម្រេចលើអ្វីមួយ ដោយមិនចាំបាច់រង់ចាំការបោះឆ្នោតពីសមាជិករដ្ឋសភា។
យ៉ាងណា បន្ទាប់ពីដំណឹងមួយនេះបានចែកចាយជាសាធារណៈ ក្រុមប្រជាជនបានចេញធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងសេចក្ដីសម្រេចរបស់ប្រធានាធិបតីបារាំង Emmanuel Macron នៅពាសពេញទីក្រុងនៃប្រទេសបារាំង។
បាតុកម្មទ្រង់ទ្រាយធំត្រូវបានគេដឹងថា ធ្វើឡើងនៅទីក្រុងប៉ារីស និងនៅទីក្រុងសំខាន់ៗមួយចំនួនដូចជា ទីក្រុង Bordeaux, Toulon និង Strasbourg ដែលបង្កជាអំពើហិង្សារវាងប្រជាជន និងក្រុមប៉ូលិស ហើយយោងតាមរបាយការណ៍ចុងក្រោយបំផុត ក្រុមប៉ូលិសបានឃាត់ខ្លួនប្រជាជនជាង ៧០ នាក់ ដែលបានចូលរួមបាតុកម្មមួយនេះ។
គួររំលឹកដែរថា កន្លងមកប្រធានាធិបតី ម៉ាក្រុង ធ្លាប់បង្ហើបជាញយដងអំពីការចង់ធ្វើកំណែទម្រង់ច្បាប់កំណត់អាយុចូលនិវត្តន៍ ប៉ុន្តែដោយសារសមាជិកបក្សរបស់លោកមិនសូវមានឥទ្ធិពលនៅក្នុងរដ្ឋសភា លោកក៏មិនអាចធ្វើអ្វីបាន។
រដ្ឋាភិបាលបានអះអាងថា ការបង្កើនអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ឆ្នាំ គឺមានសារៈសំខាន់ ក្នុងការរក្សាប្រព័ន្ធ “ចែករំលែក” ដែលបារាំងតែងតែធ្វើ ដ្បិតមូលនិធិសម្រាប់ប្រគល់ជូនប្រជាជនចូលនិវត្តន៍ គឺបានមកតែពីការបង់ពន្ធរបស់បុគ្គលិកប៉ុណ្ណោះ។
បន្ថែមពីនោះ ប្រធានាធិបតីបារាំងក៏សង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺគ្រាន់តែបង្ហាញឲ្យឃើញថា បារាំងព្យាយាមសម្របខ្លួន ទៅនឹងលទ្ធិប្រជាធិបតេយ្យដូចនឹងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដែលកំណត់អាយុចូលនិវត្តន៍លើសពី ៦៤ឆ្នាំឯណោះ។
យ៉ាងណា ហេតុផលដែលប្រធានាធិបតីបារាំងលើកឡើង មិនសូវទទួលបានការគាំទ្រពីប្រជាជនឡើយ ពោលតែងតែទទួលបានការប្រឆាំងដែលមានរហូតដល់ ៧០% ឯណោះ។
សម្រាប់មតិប្រជាជនវិញ មិនត្រឹមតែមិនគាំទ្រជាមួយនឹងការកំណត់អាយុចូលនិវត្តន៍ថ្មីឡើយ ពោលពួកគេបែរជាចង់ឲ្យរដ្ឋាភិបាល បន្ថយវាមកនៅត្រឹម ៦០ឆ្នាំ ដូចកាលពីឆ្នាំ ២០១០វិញ៕