បន្ទាប់ពីទៅដល់ប្រទេសរុស្ស៊ីមិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីចិន ស៊ី ជិនពីង បានចូលទៅជួបជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ភ្លាមៗក្នុងជំនួបមិនផ្លូវការ ដោយមិនចាំដល់ស្អែក។

យោងតាមការចុះផ្សាយពី RT បានបង្ហាញថា លោក ស៊ី បង្ហាញក្ដីរីករាយជាខ្លាំង ពេលបានជួបជាមួយមិត្តសម្លាញ់ ក្រោយខានជួបគ្នារយៈពេលជិត៤ឆ្នាំ និងបានសង្កត់ធ្ងន់ថា លោកជ្រើសរើសរុស្ស៊ី ជាប្រទេសសម្រាប់ធ្វើទស្សនកិច្ចតំបូង ក្រោយត្រូវជាប់ឆ្នោតជាថ្មី ដូចកាលពី ១០ឆ្នាំមុនដែរ។

បន្ថែមពីនោះ មេដឹកនាំចិនបានហៅលោក ពូទីន ថា “មិត្តសម្លាញ់” មិនដាច់មាត់ អំឡុងកិច្ចសំណេះសំណាលមួយនេះ និងបានបញ្ជាក់ថា ចំណងមិត្តភាពរវាងចិន និងរុស្ស៊ីត្រូវតែមានភាពស្អិតល្មួត ហើយក៏បានបន្ថែមថា ប្រទេសរុស្ស៊ីបានទទួលជោគជ័យ ក្នុងការលើកកម្ពស់វិបុលភាពក្រោមការដឹកនាំរបស់ប្រធានាធិបតីពូទីន។
សូមជម្រាបដែរថា ប្រធានាធិបតី ស៊ី ជិនពីង កំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ីរយៈពេល ៣ថ្ងៃ ខណៈចាប់ពីថ្ងៃទី ២១ មីនាតទៅ កិច្ចប្រជុំផ្លូវការនឹងចាប់ផ្ដើម បន្ទាប់ពីលោកខកខានជួបមិត្តសម្លាញ់ពូទីនអស់រយៈពេលជិត ៤ឆ្នាំ៕