អតីតប្រធានាធិបតីតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅប្រទេសចិនជាលើកដំបូងក្នុងរយៈពេល៧០ឆ្នាំ

អន្តរជាតិ

អតីតប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល ៧៤ឆ្នាំ ពោលចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ ១៩៤៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNN បានបង្ហាញថា លោក Ma សមាជិកជាន់ខ្ពស់បក្សប្រឆាំង Kuomintang (KMT) នឹងមានវត្តមាននៅប្រទេសចិនចន្លោះថ្ងៃទី ២៧ មីនា រហូតដល់ថ្ងៃទី ០៧ មេសា។

អតីតមេដឹកនាំតៃវ៉ាន់រូបនេះ នឹងទៅគោរពវិញ្ញានក្ខន្ធបុព្វបុរសរបស់ខ្លួននៅភាគនិរតីនៃខេត្ត Hunan និងដឹកនាំគណៈប្រតិភូនិស្សិតតៃវ៉ាន់ ដើម្បីធ្វើអន្តរកម្មជាមួយសមភាគី មកពីប្រទេសចិនដីគោកនៅក្នុងទីក្រុងមួយចំនួន។

គួររំលឹកដែរថា លោក Ma ធ្លាប់កាន់តំណែងជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៨ ដល់ ២០១៦ ហើយអំឡុងពេលនោះ ចំណងសេដ្ឋកិច្ចរវាងតៃវ៉ាន់ និងចិនមានភាពលេចធ្លោរខ្លាំង ប៉ុន្តែតៃវ៉ាន់​តែងតែច្រានចោល​នូវសំណើបង្រួបបង្រួមប្រទេស។

ដោយឡែក សម្រាប់ដំណើរទស្សនកិច្ចមួយនេះទៀតសោត ធ្វើឡើងចំពេលនយោបាយ​តៃវ៉ាន់​កំពុង​មាន​ភាពវឹកវរ ពោលប្រធានាធិបតី Tsai Ing-wen នឹងឈាងចូលអាមេរិក អំឡុងពេលធ្វើដំណើរ​ឆ្ពោះទៅកាន់សម្ព័ន្ធមិត្តការទូត​នៅអាមេរិកឡាទីន។

វាហាក់ដូចជាបង្ហាញថា លោក Ma កំពុងងាកទៅពឹងកម្លាំងចិន មុនការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មី​នាខែមករាឆ្នាំក្រោយ ខណៈ​អ្នកស្រី Ing-wen នឹងមិនអាច​ឈរឈ្មោះ​ជាបេក្ខភាព​ម្ដងទៀតឡើយ ដ្បិត​ប្រធានាធិបតីតៃវ៉ាន់​ក៏​មាន​ទំនាក់ទំនង​មិនល្អជាមួយចិន ក្រោយងាកទៅ​ចង​សម្ព័ន្ធមិត្តជាមួយលោកខាងលិច៕