វិមានក្រឹមឡាំង បញ្ជាឲ្យមន្ត្រីរុស្ស៊ីគ្រវាត់ចោលទូរស័ព្ទ iPhone ត្រឹមចុងខែមីនា

អន្តរជាតិ

កាលពីពេលថ្មីៗនេះ បុគ្គលិកនៅរដ្ឋបាលប្រធានាធិបតីរុស្ស៊ី​ទាំងអស់ មានពេលរហូតដល់​ចុងខែមីនា ដើម្បីផ្លាស់ប្ដូរទូរស័ព្ទ iPhone របស់ពួកគេ ទៅប្រើទូរស័ព្ទម៉ាកផ្សេង ដែលមិនងាយ​ក្នុងការ​លួចទិន្នន័យ និងអាចធ្វើចារកម្មស្រួលៗ។ នេះបើតាមការចុះផ្សាយពី​កាសែត Kommersant។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sergei Kiriyenko នាយករងទីមួយនៃរដ្ឋបាលប្រធានាធិបតីបានប្រាប់ទៅកាន់​មន្ត្រី អំឡុងពេល​សិក្ខាសាលា​រៀបចំដោយ​វិមានក្រឹមឡាំងនា​ខែមីនា​ថា ត្រូវបោះចោល​ស្មាតហ្វូន​អាមេរិក​ត្រឹម​ថ្ងៃទី ០១ មេសា ដោយសារបញ្ហាសុវត្ថិភាព ខណៈមន្ត្រីតាមតំបន់​នឹង​ទទួល​បាន​ការ​ជូនដំណឹង​ស្រដៀងគ្នា​នេះ​នា​ពេល​ឆាប់ៗ។

ដោយឡែក ​រដ្ឋាភិបាល​រុស្ស៊ី​ក៏​កំពុង​ពិចារណា​លើ​ការ​ទិញ​ទូរស័ព្ទ​ថ្មី​ សម្រាប់​បុគ្គលិក​នៅ​ជួររដ្ឋាភិបាល​ផងដែរ។

“​វាចប់សព្វគ្រប់ហើយ​សម្រាប់ iPhone ព្រោះរដ្ឋាភិបាល​តម្រូវ​ឲ្យ​មន្ត្រី​ឈប់ប្រើវា ឬប្រគល់​វា​ឲ្យ​ក្មេងៗប្រើវិញ”។ នេះបើតាមសម្ដី​បុគ្គលម្នាក់​ដែល​បាន​ចូលរួម​សិក្ខាសាលា​បាន​និយាយ​ប្រាប់​សារព័ត៌មាន។

គួររំលឹកដែរថា ​រដ្ឋបាលប្រធានាធិបតី​គ្រប់គ្រង​លើ​នាយកដ្ឋាន​ចំនួន ៤ ដែល​ពាក់ព័ន្ធ​នឹង​គោលនយោបាយក្នុងស្រុក គម្រោងសាធារណៈ សកម្មភាពក្រុមប្រឹក្សារដ្ឋ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធ។

ចំពោះការបញ្ជាពីរដ្ឋាភិបាល​ឲ្យឈប់ប្រើប្រាស់​ស្មាតហ្វូនអាមេរិក ហាក់​បង្ហាញ​ឲ្យ​ឃើញថា រុស្ស៊ី​នៅ​តែ​គាំទ្រចិន​គ្រប់ស្ថានការណ៍ ពោល​កន្លងមក​អាមេរិក​ និង​តំបន់អឺរ៉ុប​មួយ​ចំនួន​ប្រកាស​បិទ​កម្មវិធី TikTok របស់ចិន មិនឲ្យប្រើប្រាស់​លើ​ទូរស័ព្ទដៃ​របស់​មន្ត្រីនៃ​ប្រទេស​ទាំងនោះ៕