ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ របស់ប្រធានាធិបតីចិន ស៊ី ជិនពីង ទៅកាន់ប្រទេសរុស្ស៊ី ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសម្ព័ន្ធមិត្តត្បូងពេជ្រ ពោលគ្រាន់តែចុះជាន់ដីរុស្ស៊ីភ្លាម មានឧបនាយករដ្ឋមន្ត្រីនៅចាំទទួលជាស្រេច។

ជាន់ដីរុស្ស៊ីភ្លាម លោក ស៊ី ប្រញាប់ទៅជួបសម្លាញ់ពូទីនភ្លែតនៅវិមានក្រឹមឡាំង និងជជែកគ្នាពីបញ្ហាមួយចំនួន មុនទទួលទានអាហារពេលល្ងាចដ៏ប្រណីតបែប VVIP ជាមួយមេដឹកនាំរុស្ស៊ី។

យោងតាមការចុះផ្សាយពី Telegraph បានបង្ហាញថា សម្រាប់អាហារពេលល្ងាចថ្ងៃដំបូង ប្រធានាធិបតីរុស្ស៊ី គាស់ស្រា ២ដបដោយផ្ទាល់ ដែលយកពីភូមិគ្រឹះផ្ទាល់ខ្លួន និងមានចំការទំពាំងបាយជូរនៅទីនោះស្រាប់ និងត្រូវគេជឿថា ស្រាក្រហមនេះគឺជាស្រាប្រណីតមួយប្រចាំប្រទេស។


ចំណែកមុខម្ហូបវិញ គឺធ្វើឡើងយ៉ាងផ្ចិតផ្ចង់ ខណៈគ្រឿងផ្សំសុទ្ធតែពិសេសៗដូចជា គ្រឿងសមុទ្រកពីចុងបូព៌ារុស្ស៊ីជាដើម៕