ប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីរយៈពេល ៣ថ្ងៃ ជួបជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ជាលើកដំបូង ក្នុងរយៈពេលជិត ៤ឆ្នាំចុងក្រោយ។
ចំពោះដំណើរទស្សនកិច្ចនេះផងដែរ អាមេរិកបានចេញមុខចោទប្រកាន់ចិនថា គ្រាន់តែជាលេស បង្ហាញពិភពលោកថា រុស្ស៊ីមានសម្ព័ន្ធមិត្តជាមហាអំណាច ពោលគ្រាន់តែតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីការចាប់ខ្លួនពូទីនភ្លាម ដំណឹងទស្សនកិច្ចរបស់លោកស៊ី ទៅរុស្ស៊ីក៏ផ្ទុះភ្លែត។
បន្ថែមពីនោះ អាមេរិកក៏ចោទចិនទៀតថា គ្មានបំណងចង់ជួយផ្សះផ្សារបញ្ហាសង្គ្រាមនៅអ៊ុយក្រនឡើយ ខណៈចិនធ្លាប់និយាយក្ដែងៗថា ខ្លួននឹងដើរតួរជាអ្នកបង្កើតសន្តិភាព។ នេះបើតាមការចុះផ្សាយពី CNN។
“ចិនគ្មានចង់ឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពដែលធ្វើលើអ៊ុយក្រែនទេ និងជំនួសមកវិញគឺធ្វើដំណើរការទូតបាំងមុខ ឲ្យរុស្ស៊ីបន្តសកម្មភាពព្រៃផ្សៃទាំងនេះកាន់តែខ្លាំងជាងមុន”។ នេះបើតាមសម្ដីរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាននិយាយ។
លោកបន្ថែមទៀតថា៖ “នៅក្នុងសំណើបញ្ចប់សង្គ្រាមរបស់ចិន មិនបញ្ជាក់ឲ្យរុស្ស៊ីដកកម្លាំងចេញពីទឹកដីអ៊ុយក្រែនឡើយ ហើយវានឹងមានប្រសិទ្ធភាព គាំទ្រដល់ការផ្តល់សច្ចាប័នលើការសញ្ជ័យរបស់រុស្ស៊ី ព្រោះថាវានឹង អនុញ្ញាតឱ្យលោកប្រធានាធិបតីពូទីនសម្រាក និងជួសជុលកងទ័ពរបស់គាត់ឡើងវិញ ហើយបន្ទាប់មកចាប់ផ្តើមសង្រ្គាមជាថ្មី កាលៈទេសៈអំណោយផលដល់រុស្ស៊ី”។
សូមជម្រាបដែរថា ស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្នកាន់តែតានតឹង ក្រោយលោកខាងលិចព្យាយាមប្រមែប្រមូលកម្លាំង ដាក់គំនាបលើរុស្ស៊ីឲ្យបញ្ចប់សង្គ្រាម ស្របពេលចិននៅតែមិនអើពើ នឹងការចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើសម្ព័ន្ធមិត្តត្បូងពេជ្ររបស់ខ្លួន៕