កាលពីថ្ងៃទី ២១ មីនាកន្លងទៅ ប្រធានាធិបតីចិន ស៊ី ជិនពីង បានចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តត្បូងពេជ្រ វ៉្លាឌីមៀរ ពូទីន ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំង ២ ឈានទៅដល់កិច្ចសហប្រតិបត្តិការនា “យុគសម័យថ្មី”។ នេះបើតាមការចុះផ្សាយពី Aljazeera។
“ពួកយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងចំណងមិត្តភាពទ្វេភាគី ដែលកំពុងបោះជំហានចូលក្នុងយុគសម័យថ្មី”។ នេះបើតាមសម្ដីលោក ស៊ី បាននិយាយទៅកាន់លោក ពូទីន នៅវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។
ថ្នាក់ដឹកនាំចិនក៏បានបន្ថែមថា ចិន និងរុស្ស៊ីគួរតែធ្វើការឲ្យកាន់តែស្អិតល្មួត ដើម្បីជំរុញ “កិច្ចសហប្រតិបត្តិការជាក់ស្ដែង” ឲ្យកាន់តែខ្លាំងជាងមុន ស្របពេលលោក ពូទីននិយាយថា “កិច្ចព្រមព្រៀងទាំងអស់ត្រូវបានសម្រេច” ខណៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង ២ គឺចាត់ទុកជា “អាទិភាព” សម្រាប់រុស្ស៊ី។
សូមជម្រាបដែរថា កិច្ចព្រមព្រៀងថ្មីរវាងចិន និងរុស្ស៊ី គឺធ្វើឡើងដើម្បីបន្ថែមទំងន់លើ “ភាពជាដៃគូគ្មានដែនកំណត់” រវាងប្រទេសទាំង ២ ដែលបានប្រកាសកាលពីខែកុម្ភៈឆ្នាំទៅ ពោលធ្វើឡើងតែប៉ុន្មានសប្ដាហ៍ មុនរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន៕