បន្ទាប់ពីទិញបានក្រុមហ៊ុន Twitter កាលពីខែតុលាឆ្នាំទៅក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ពេលនេះ Elon Musk មានក្រុមហ៊ុន ៥ នៅក្នុងដៃ ដែលរកស៊ីលើវិស័យដឹកជញ្ជូន អាកាសចរណ៍ សុខាភិបាល ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមការចុះផ្សាយពី Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនទាំង ៥ នេះ គឺធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដែលធ្វើឲ្យឥទ្ធិពលមហាសេដ្ឋីអាមេរិកកាន់តែធំធេង ប្រៀបដូចជាស្ដេចត្រាញ់ដែលប៉ះសឹងមិនបាន។
បើទោះជាធ្វើការយ៉ាងជិតដិតជាមួយរដ្ឋបាលចូ បៃដិនក៏ពិតមែន ប៉ុន្តែមេធំ Tesla នៅតែញ៉ែញ៉ងជាមួយគណបក្សសាធារណរដ្ឋ ដែលធ្វើឲ្យគណបក្សប្រជាធិបតេយ្យមានអារម្មណ៍មិនស្រួលក្នុងខ្លួនឡើយ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនកំពុងពិភាក្សាគ្នា ដើម្បីកំណត់ឥទ្ធិពលសហគ្រិនឆ្នើម ហើយអាចនឹងប្រើធម៌ក្ដៅ កំទេចអាណាចក្រ Elon Musk ដូចធ្លាប់ធ្វើចំពោះលោក John D. Rockefeller កាលពីជាង ១០០ឆ្នាំមុនដូចគ្នា។
ហេតុផលកាន់តែធ្វើឲ្យ ចូ បៃដិន ឈឺក្បាលជាមួយ Elon Musk គឺក្រុមហ៊ុន Tesla កំពុងពង្រីកខ្លួនលើទីផ្សារស្រុកចិន និងមូលនិធិពីមជ្ឈិមបូព៌ាសម្រាប់កិច្ចព្រមព្រៀង Twitter ជាហេតុធ្វើឲ្យរដ្ឋាភិបាលអាមេរិកយល់ថា Elon Musk អាចនឹងធ្លាក់ក្នុងឧបាយកលបរទេសនាពេលណាមួយ៕