ក្រុមហ៊ុន​អាកាសចរណ៍​ថៃ AOT គ្រោងបោះទុនជាង ១ពាន់លានដុល្លារ ពង្រីកអាកាសដ្ឋានខ្លួនបន្ថែម

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Airports of Thailand Pcl (AOT) បានបង្ហាញឱ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ៣៦,៨ពាន់លានបាត (១,០៨ពាន់លានដុល្លារ) ដើម្បីពង្រីកស្ថានីយអ្នកដំណើររបស់ខ្លួន នៅក្នុងអាកាសយានដ្ឋានដុនមឿង នៅទីក្រុងបាងកក និងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរ ក៏ដូចជាជំរុញដល់ការរកប្រាក់ចំណូលពីវិស័យទេសចរណ៍បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន AOT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយវាអាចនឹងត្រូវចំណាយពេលរហូតដល់ឆ្នាំ ២០២៩ ទើបបញ្ចប់ ខណ:ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតផងដែរថា ការពង្រីកនេះ អាចនឹងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរពី ៣០លាននាក់ ដល់ ៤០លាននាក់ ក្នុងមួយឆ្នាំ ។

លើសពីនេះ AOT បានបន្ថែមឱ្យដឹងទៀតថា គម្រោងថ្មីនេះ អាចជួយបង្កើនប្រាក់ចំណូលចូលជាតិទាំងមូល តាមរយ:វិស័យទេសចរណ៍ និងវិស័យសេវាកម្មផ្សេងទៀត ដែលជាប់ទាក់ទងទៅនឹងទេសចរណ៍។

ហើយបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បាននិយាយថា ការវិនិយោគនេះ គឺផ្តោតទៅលើការសាងសង់ចំណតយន្តហោះចំនួន ១២ និងស្ពានតភ្ជាប់ពីស្ថានីយអ្នកដំណើរទៅកាន់យន្តហោះ ចំនួន ១១ បន្ថែមទៀត ។

ជម្រាបជូនផងដែរថា AOT គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ ដោយក្រុមហ៊ុននេះ ធ្វើប្រតិបត្តិការទៅលើព្រលានយន្តហោះអន្តរជាតិចំនួន ៦ នៅក្នុងប្រទេសថៃ រួមទាំងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ដ៏សំខាន់របស់ប្រទេស ដែលអាចផ្ទុកអ្នកដំណើរសរុបបាន ៤៥ លាននាក់ ក្នុងមួយឆ្នាំ ផងដែរ ៕