ឧកញ៉ា គីម ហ៊ាង ថានាំយកក្រុមហ៊ុនអាមេរិក KW មកកម្ពុជា គឺដឹងច្បាស់ថាខាត តែលោកនៅតែយកមក

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ាបណ្ឌិត​ គីម ហ៊ាង បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​នាំយកក្រុមហ៊ុនអាមេរិក KW មកកម្ពុជា គឺលោក​ដឹង​ច្បាស់ថានឹង​ខាត តែលោកនៅតែយកមក ពីព្រោះលោក​ស្រឡាញ់វិស័យដីធ្លី និងស្រឡាញ់ស្រុកខ្មែរ ជាពិសេស​ដើម្បី​បង្រៀន និងបណ្ដុះបណ្ដាលបន្ថែមដល់ភ្នាក់ងារលក់អចលនទ្រព្យនៅ​​​ខ្មែរយើង ​ឱ្យ​មានចំណេះជំនាញកាន់តែច្បាស់ សម្រាប់អភិវឌ្ឍន៍សមត្ថភាព​ខ្លួន​ឯង​ សង្គម​ និង​ប្រទេស​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បាន​លើក​ឡើង​ក្នុង​វីដេអូ​ឃ្លីប​មួយ​ យ៉ាង​ដូច្នេះ​ថា ប្រទេស​ដែលរីកចម្រើន គឺគេគោរពច្បាប់ គេបង់ពន្ធ ហើយ​នៅ​ក្នុង​ប្រព័ន្ធ​ KW អ្នកណាចូល​ គឺ​ដឹង​ច្បាស់​ថា​​ត្រូវ​គោរព​ច្បាប់ និង​បង់ពន្ធ។ សម្រាប់ KW ច្បាប់ ​និង​ពន្ធ​ មិនមាន​ការ​គេចវេស​សូម្បី​មួយ​រៀល។ ការ​នាំ​យក​ KW មក​កម្ពុជា ហាក់ពិបាក​រកស៊ី​ប្រកួត​ប្រជែងខ្លះដែរពីដំបូងៗ​ ព្រោះ​ទាក់ទងនឹងកត្តាចូលរួម​ ការ​គោរពច្បាប់ និង​ការ​បង់ពន្ធ មួយចំនួនទៀតសោត ដែលប្រតិបត្តិករក្នុងវិស័យអចលនទ្រព្យខ្លះ មិនបានចូលរួមសហការជាមួយស្ថាប័នរដ្ឋ លើបញ្ហាកាតព្វកិច្ចបង់ពន្ធនេះ ឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ។

លោក​ឧកញ៉ា បាន​បន្ត​ថា ​ចុះ​នៅ​ថ្ងៃ​ក្រោយ​ ទោះ​យើង​​ខាត​ ១០​ឆ្នាំ តែ​កិច្ចសន្យា​យើង​ ៤០​ឆ្នាំ នៅ​ពេល​ដែល​ច្បាប់​ប្រទេស​យើង​រឹងមាំ ​​ហើយ​គ្រប់គ្នា​​ត្រូវ​តែ​បង់ពន្ធ ពេល​នោះ KW ​​នឹង​ជោគជ័យ។ ដូច្នេះ​ការ​នាំ​យក​ KW មក ហេតុ​ផល​ចំណេញ​គឺ​ទី​៣ ចំណែក​ឯ​ទី​១ គឺ​​​យើង​ចង់​យក​របៀប​រកស៊ី​របស់​អាមេរិក មក​កាន់​ស្រុក​ខ្មែរ ដើម្បី​បង្រៀន​ខ្មែរ​ឱ្យ​ចេះ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ សម្រាប់​ខ្លួន​ឯង​ សង្គម​ និង​ប្រទេស​ជាតិ។ ចំណុច​ទី​២ លោក​គិត​ថា បើ​គ្មាន​យីហោ​របស់​អាមេរិក​ទេ ការ​រកស៊ី​ដោយ​ខ្លួន​ឯង គឺ​ពិបាក​នឹង​​រីក​ចម្រើន​បាន។

រយៈពេល​ ៤​ឆ្នាំ​ មក​នេះ KW Cambodia ខាត ប៉ុន្តែ​មិន​មាន​បញ្ហា​នោះ​ទេ ព្រោះ​លោក​ឧកញ៉ា ​បាន​ព្យាករ​ថា នឹង​អាច​ខាត​ដល់​រយៈពេល ​១០​ឆ្នាំ ​ឯណោះ។ ប្រធាន ស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេសរូបនេះ បាន​បន្ថែម​ថា​ ក្រុមហ៊ុន​ មាន​លុយ​ដើម្បី​ខាត ​ហើយ​ទោះ​ ៤​ឆ្នាំ​​មក​នេះ មិន​ចំណេញ​ ប៉ុន្តែ​លោក​មាន​ឱកាស​រកស៊ី​មុខរបរ​ធំដុំ​ជា​ច្រើន។ សព្វថ្ងៃ​នេះ KW បាន​ជួយ​ឱ្យ​យើង​បង្កើត​ក្រុមការងារ​ជា​ច្រើន​នៅ​តាម​ខេត្ត ក្នុង​ក្រុង និង​មុខ​របរ​ផ្សេងៗ​ទៀត ដែល​បាន​មក​ពី KW។ អ្វី​ដែល​ជួយ​ដល់​យើង​បន្ថែម​ទៀត ​គឺ បងប្អូន​ទាំង​ឡាយ​ណា ដែល​ចូល​ក្នុង​ប្រព័ន្ធ KW ហើយ បើ​សិន​ជា​គាត់​ចង់​ទៅ​លេង​អាមេរិក គឺជា​ការ​ងាយស្រួល។ ជាពិសេស បាន​បង្រៀន​ឱ្យ​យើង​ចេះ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែម​ទៀត។

សូម​ជម្រាប​ជូន​ថា KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ៕