នារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្មផ្ទាល់ ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងវិស័យឯកជន រួមទាំងអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបផងដែរ។
នៅក្នុងឱកាសបិទសន្និបាត ដែលសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោងនេះ គេឃើញមានវត្តមាន អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប, ឧកញ៉ា ម៉ុង រិទ្ធថា អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប, ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម និងឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចូលរួមអមដំណើរសម្តេចតេជោដោយផ្ទាល់ រួមទាំងឧកញ៉ាៗមួយចំនួនទៀត។
ជាមួយនឹងឱកាសដ៏វិសេសវិសាលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថា នូវចំណុចគន្លឹះសំខាន់ៗជាច្រើន ក្នុងនោះសម្តេចបានលើកឡើងអំពី៖ វិស័យកសិកម្ម បានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន, ការកោតសរសើរចំពោះរបកគំហើញពូជស្រូវ «ចំប៉ីស៧០» និង «កង្រី», ហាមមិនឱ្យមានការលូកដៃ ចូលការងារវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្ម (កាឌី) ពីវិស័យឯកជន, ការរៀបចំជ្រើសរើស និង ចាត់បញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេស បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧, ការដាំដុះស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត និងការប្រកាសថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន ជាដើម។
សូមជម្រាបថា បើតាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ក្នុងឆ្នាំ២០២២៕