ថ្នាក់ដឹកនាំកំពូលៗក្រុមហ៊ុន ពិភពដីមាស អុិនវេសមុិន ឯ.ក ចំនួន ២៦រូប ត្រូវបានស្ថាប័នអន្តរជាតិទាំង៧ និងគណៈកម្មការ International Famous Award វាយតម្លៃ និងសម្រេចផ្តល់នូវ “ពានរង្វាន់ឆ្នើមក្នុងភាពជាអ្នកដឹកនាំអន្តរជាតិ” The Outstanding Award in International Leadership កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនបុគ្គលឆ្នើម ឥស្សរជនឆ្នើម ពាណិជ្ជករឆ្នើម ធុរជនឆ្នើម និងសប្បុរជនឆ្នើម(Virtue and Goodness of Human Being) ក្នុងជំនាញសាកលទាំង២០ទូទាំងពិភពលោក ដែលមានការចូលរួមពីបណ្តាប្រទេសជាច្រើនក្នុងតំបន់និងពិភពលោក។
សម្រាប់ការទៅទទួលពានរង្វាន់ឆ្នើមនៅប្រទេសសិង្ហបុរីលើកដំបូងនេះគឺដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ហ៊ី គឹមហុង ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនពិភពដីមាស គ្រុប ដែលទទួលពានរង្វាន់បីផ្នែកផ្សេងៗគ្នាតាមស្នាដៃ និងជំនាញ រួមមាន៖ ទី១/ ពានរង្វាន់ឆ្នើមក្នុងភាពជាអ្នកដឹកនាំអន្តរជាតិ ផ្នែកធុរកិច្ច ចំនួន ០២រូប ទី២/ ពានរង្វាន់ឆ្នើមក្នុងភាពជាអ្នកដឹកនាំអន្តរជាតិ ផ្នែកប្រតិបត្តអាជីវកម្ម ចំនួន១៩រូប និងទី៣/ ពានរង្វាន់ឆ្នើមក្នុងភាពជាអ្នកដឹកនាំអន្តរជាតិ ផ្នែកកិច្ចការងារសង្គម និងសប្បុរសធម៌សាធារណៈចំនួន០៥រូប។
សូមជម្រាបថា នៅក្នុងអំឡុងស្នាក់នៅប្រទេសសិង្ហបុរីនោះ អ្នកឧកញ៉ា ហ៉ី គឹមហុង ក៏បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រុមហ៊ុនជួបសម្តែងការគួរសមជាមួយលោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី ដើម្បីស្វែងយល់ពីឱកាស នៃការធ្វើពាណិជ្ជកម្មរវាង ធុរជនសិង្ហបុរី និងក្រុមហ៊ុនពិភពដីមាស គ្រុប៕
