ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលសរសេរជាអក្សរកាត់ថា (ក.ជ.វ.ប.ន.) ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដើម្បីជំរុញកិច្ចអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន។
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ សមាសភាពក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសរុបចំនួន ៣៨រូប ដោយក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានកិត្តិយស, កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន និងមាន រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គនាយក មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានអ្នកឧកញ៉ាតែមួយរូបគត់ គឺអ្នកឧកញ៉ា គិត ម៉េង តំណាងសភាពាណិជ្ជកម្មកម្ពុជា ជាសមាជិក។
ចំពោះសមាសភាព ក.ជ.វ.ប.ន. ផ្សេងៗទៀតរួមមាន៖ សាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍, កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សាស្ត្រាចារ្យ ម៉ម ប៊ុនហេង លោក ស៊ុយ សែម លោក ឌិត ទីណា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងបណ្ឌិត ជា វ៉ាន់ដេត ជាអនុប្រធាន។
រីឯបណ្ឌិត ហ៊ុល សៀងហេង ជាសមាជិកអចិន្ត្រៃយ៍ រួមទាំងសមាជិកជាច្រើនរូបទៀតដូចជា៖ លោក អ៊ីន វីរជាតិ លោក ហ៊ុយ វណ្ណៈ បណ្ឌិត ឈីវ យីស៊ាង លោក ស្តើង សុខុម លោក អ៊ុក ប្រជា លោក ស៊ូនី វង្សវិសិដ្ឋ ជំទាវ ឥម នីថារ៉ា លោក កេង សុម៉ារិទ្ធ លោក ហុង ជឿន បណ្ឌិត ទិន ពន្លក លោក លាង មុនីរិទ្ធ លោក ប៉ុញ សច្ចៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បណ្ឌិត នួន ដាញ៉ិល លោក ប៉ាក់ សុខុម លោក ស៊ីន ចាន់សិរីវុត្ថា លោក រ៉ិត វុទ្ធី បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាស្ត្រាបណ្ឌិត ង៉ោ ប៊ុនថាន បណ្ឌិត សំ សិទ្ធិសេរី បណ្ឌិត គួក ហ្វីដេរ៉ូ បណ្ឌិត ជ័យ ចាន់អឿន បណ្ឌិត ឈាង វណ្ណារិទ្ធ លោក សារិន សិរីវត្ថា បណ្ឌិត ឡេង ភីរម្យ និងបណ្ឌិត អឿន ចន្ថា។
សម្រាប់សមាសភាពជាក់ស្តែងនៃ ក.ជ.វ.ប.ន. ត្រូវតែងតាំងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ ប្រធាន ក.ជ.វ.ប.ន. មានសិទ្ធិអញ្ជើញថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ឬតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឬឥស្សរជន ដែលមានបទពិសោធន៍ សមត្ថភាព និងជំនាញវិជ្ជាជីវៈ ចូលរួមផ្តល់យោបល់ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមការចាំបាច់។
សូមជម្រាបជូនថា ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស ក.ជ.វ.ប.ន. មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យ សាធារណៈ និងឯកជន ជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។ សម្តេចតេជោ ក៏សូមអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាល នៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕