ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះសម្រេចបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ ហើយក៏សម្រេចបង្កើតមូលនិធិតេជោ១២៥ ដើម្បីគៀរគរថវិកាទ្រទ្រង់ដំណើរការសកម្មភាពរបស់ខ្លួន។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងបងប្អូនបង្កើតចំនួន ៤រូប គឺឧកញ៉ា ឡេង ប្រុស, ឧកញ៉ា ឡេង និមន និងអ្នកស្រីឧកញ៉ា ឡេង បញ្ចពណ៌ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិកជូនដល់ដល់មូលនិធិតេជោ១២៥ ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានកិត្តិយសនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ និងជាស្ថាបនិកសន្តិភាពនៅប្រទេសកម្ពុជា។

គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា យ.ជ.ប.ទ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា- រដ្ឋសភា និងអធិការកិច្ច ជាប្រធាន, នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ជាអនុប្រធាន។
គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងជីវភាពរស់នៅរបស់យុទ្ធមិត្ត ជាពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។
គួររម្លឹកថា អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕

