ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ ចូលរួមឧបត្ថមថវិកាចំនួន ២ពាន់ដុល្លារអាមេរិក ជូនដល់មូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨។
ការចូលរួមបរិច្ចាគរបស់លោកឧកញ៉ាក្នុងបេសកកម្មមនុស្សធម៌នេះមិនមែនជាលើកទី១នោះឡើយ ដោយកន្លងទៅលោកឧកញ៉ាតែងចូលរួមកិច្ចការងារសង្គមជាមួយរាជរដ្ឋាភិបាលទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល និងមនុស្សធម៌ជាដើម។
សូមជម្រាបជូបថា គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា យ.ជ.ប.ទ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា- រដ្ឋសភា និងអធិការកិច្ច ជាប្រធាន, នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ជាអនុប្រធាន។
គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងជីវភាពរស់នៅរបស់យុទ្ធមិត្ត ជាពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។
គួររម្លឹកថា អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕