ឧកញ៉ា សំ បូទុម្ភ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺដដុល្លារជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨។
ការចូលរួមក្នុងបេសកកម្មមនុស្សធម៌នេះមិនមែនជាលើកទី១នោះឡើយ ដោយកន្លងទៅលោកឧកញ៉ា និងលោកជំទាវតែងតែចេញមុខចូលរួមកិច្ចការងារសង្គមជាមួយរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា យ.ជ.ប.ទ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា- រដ្ឋសភា និងអធិការកិច្ច ជាប្រធាន, នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ជាអនុប្រធាន។
គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងជីវភាពរស់នៅរបស់យុទ្ធមិត្ត ជាពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក។


