ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួម នៅក្នុងវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា» បានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា។

គោលបំណងនៃ MOU នេះ គឺដើម្បីបង្កើតនូវកិច្ចសហការលើកកម្ពស់ និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រដល់សហគ្រាសពាណិជ្ជកម្ម ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំខ្លួនចូលរួមវិនិយោគ និងការស្វែងរកហិរញ្ញប្បទានក្នុងទីផ្សារមូលប័ត្រនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អ។

ពិធីចុះអនុស្សរណៈនេះ មានការចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិក នៃសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីគណៈកម្មការមូលបត្រកម្ពុជា អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អ្នកតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយមកពីបណ្តាស្ថានីយ៍ទូរទស្សន៍ កាសែត ព្រមទាំងគេហទំព័រល្បីៗក្នុងស្រុកផងដែរ៕


