ប្រជាជនកម្ពុជាមួយចំនួនធំកំពុងតែដាំដុះដំណាំស្វាយ ហើយខ្វាយខ្វល់រឿងមិនសូវមានទីផ្សារ ប៉ុន្តែពេលនេះលែងក្លាយជាក្តីកង្វល់ធំទៀតហើយ ខណៈដែលលោកជំទាវ ថុង ធីតា ភរិយាលោកឧកញ៉ា លីម ប៊ុណ្ណា ម្ចាស់សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ (LBN Agriculture) បានប្រកាសទិញផ្លែស្វាយ ដើម្បីឱ្យសហគ្រាសរបស់លោកស្រី អាចកែច្នៃទៅជាតំណាប់ស្វាយ នាំចេញទៅលក់នៅក្រៅប្រទេស។

លោកជំទាវ ថុង ធីតា បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា សហគ្រាសតំណាប់ស្វាយ (LBN) របស់លោកស្រី ចាប់ផ្ដើមទិញស្វាយកែវរមៀតចូល ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ហើយបងប្អូន ដែលមានស្វាយសូមទំនាក់ទំនងផ្នែកទិញតាមរយ:លេខទូរស័ព្ទ 067 222 786 ឬ 016 222 786។ ជាមួយគ្នានេះ លោកជំទាវ ក៏បានបន្ថែមឱ្យដឹងថា សហគ្រាស អិលប៊ីអិន ក៏កំពុងត្រូវការកម្លាំងពលករទាំងពីរភេទ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅផងដែរ ដូច្នេះបើសិនជាបងប្អូនកំពុងស្វែងរកការងារធ្វើមានការចាប់អារម្មណ៍ អាចទាក់ទងទៅបាន។

នេះជាដំណឹងល្អមួយសម្រាប់កសិករ ឬម្ចាស់ចម្ការនានា ដែលកំពុងតែស្វែងរកដៃគូក្នុងសហការទិញផលិតផលកសិកម្ម ហើយវាក៏អាចជួយសម្រួលដល់ទីផ្សារផលិតផលស្វាយក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ទាំងផលិតផលផ្លែស្វាយស្រស់ និងផលិតផលសម្រេច។
វត្តមានក្រុមហ៊ុនកែឆ្នៃក្នុងស្រុកកាន់តែរីកចម្រើន គឺជាប្រផ្នូលមួយបង្ហាញថាសហគ្រិននៅក្នុងប្រទេសយើង កាន់តែមានផ្នត់គំនិតរីកចម្រើនច្រើន ដែលដៃគូសហការទាំងអស់រួមមាន អ្នកផ្គត់ផ្គង់ កសិករ វិនិយោគិន គួរតែគាំទ្រឱ្យបានច្រើន ព្រោះសហគ្រិនក្នុងស្រុកជាប្រយោជន៍របស់ជាតិ ជួយទាំងទីផ្សារកសិផល ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។

គួរបញ្ជាក់ថា សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ ជាសហគ្រាសកែច្នៃតំណាប់ផ្លែឈើ ដែលបានបង្កើតឡើងនៅដើមខែឧសភា ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គោលបំណងក្នុងការបង្កើតសហគ្រាសនេះឡើង គឺដើម្បីបង្កើតឱ្យមានផលិតផលសម្រេចនៅ ក្នុងស្រុក និងបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស ដែលមិនធ្លាប់មានពីមុន។
សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ អាចកែច្នៃផ្លែឈើស្រស់ ឱ្យក្លាយជាតំណាប់ ដែលមានរសជាតិឆ្ងាញ់ មានអនាម័យ និងមានគុណភាពតាមកម្រិតស្តង់ដាអន្តរជាតិ ដែលបានត្រួតពិនិត្យ និងចេញវិញ្ញាបនបត្រពីមន្ទីរពិសោធន៍គីមីចំណីអាហារប្រទេសចិន និងបានចុះពិនិត្យផ្ទាល់ពីរដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចនាំផលិតផលចេញទៅទីផ្សារបរទេស ដែលនាំឱ្យផ្លែស្វាយនៅក្នុងស្រុកមានទីផ្សារ និងមានតម្លៃឡើងវិញ។ កន្លងមក សហគ្រាសបានធ្វើការនាំចេញផលិតផលតំណាប់ស្វាយ ទៅកាន់ទីផ្សារប្រទេសចិន ជាច្រើនរួចហើយផងដែរ៕

