លោកស្រី យ៉ង់ ម៉ូលីកា អភិបាលក្រុមហ៊ុន M T E K DEVELOPMENT Co.,Ltd ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរម្យងារ ឧកញ៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដំណាលគ្នានឹងពាណិជ្ជករ២រូបទៀត គឺលោក ផា ប៊ុនណាក និងលោក ហេង ហិនរីសេន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៤៩៩។
លោកស្រីឧកញ៉ា យ៉ង់ ម៉ូលីកា ជាភរិយានាយឧត្តមសេនីយ៍ ចៅ ផល្លី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
លោក ចៅ ផល្លី ធ្លាប់ទទួលបានគោរមងារឧកញ៉ាម្តងរួចមកហើយ តែក្រោយមកលោកសម្រេចបោះបង់ងារឧកញ៉ា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកងកម្លាំងប្រដាប់អាវុធរួមមានទាហាន នគរបាល និងកងរាជអាវុធហត្ថត្រូវស្ម័គ្រចិត្តជ្រើសរើសងារជាឧកញ៉ាឬមួយយកតួនាទីរបស់ខ្លួន ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធទាំង ៧៥នាក់ នៃក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ចៅ ផល្លី បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ មានអត្តលេខ ០០៤២៦១។ លោកបានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ពី UNIVERSAL MINSTRIES OF THE KING’S COLLEGE (UM.KC) ហើយទទួលបានសញ្ញាប័ត្រផ្លូវការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នាទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ៕