កាលពីថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហទ័យយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រកាសពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១២ និងមានការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយ ក្រោមចំណងជើងថា «ទេពហត្ថា» នៅសាលមហោស្រពនិងសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះដែរ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស ទទួលបានឱកាសបានថ្វាយបង្គំព្រះមហាក្សត្រលើកដំបូងក្នុងកម្មវិធី សមោសរនៃមហោស្រពភាពយន្តអន្តរជាតិលើកទី១២ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះមហាក្សត្រ។
សូមជម្រាបជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំ និងល្បីជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើន ហើយទទួលស្វាគមន៍សមិទ្ធិករភាពយន្ត និងភ្ញៀវកិត្តិយសមកពីទូទាំងពិភពលោក។

មហោស្រពនេះ មានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះ ដល់សាធារណជននៅកម្ពុជា លើកស្ទួយគំនិតថ្មីៗនៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្ត ដែលមានគុណភាព ដែលថតដោយសមិទ្ធិករភាពយន្តជាតិ និងអន្តរជាតិ នៅកម្ពុជា និងស្ដីអំពីកម្ពុជា។ ឆ្នាំ២០២៣នេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានមោទកភាពរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្ដាហ៍ ដើម្បីឱ្យទស្សនិកជនភ្លក្សរសជាតិខ្សែភាពយន្តខ្លះៗ ទម្រាំដល់ការបើកមហោស្រពធំ នៅក្នុងខែឧសភាខាងមុខ៕




សូមទស្សនាវីដេអូខាងក្រោម៖