ក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប ដែលជាក្រុមហ៊ុនឯកទេសគ្រប់គ្រងសត្វល្អិត និងមានឧកញ៉ាវ័យក្មេងចំនួនពីររូបគឺ ឧកញ៉ា ឃន ឈុនដារ៉ា និងឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ជាសហស្ថាបនិក បានទិញសិទ្ធិផ្តាច់មុខក្រុមហ៊ុនសេវាកម្មសម្អាតដ៏ធំបំផុតមួយរបស់ប្រទេសថៃ IFS មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្រុមហ៊ុន IFS ជាក្រុមហ៊ុនសម្អាតដ៏ធំ និងឈានមុខគេមួយនៅប្រទេសថៃ និងមានគោលដៅចង់ពង្រីកទីផ្សាររបស់ខ្លួននៅក្នុងតំបន់អាស៊ាន និងនៅទូទាំងពិភពលោក។ ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យអតិថិជននៅកម្ពុជា ទទួលបាននូវសេវាកម្មសម្អាតល្អបំផុត ក៏ដូចជាបង្កើតឱកាសការងារដល់យុវជន និងជួយជំរុញសេដ្ឋកិច្ចជាតិ។

លោក យៀប សុគន្ធថៃ នាយកគ្រប់គ្រង ក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប បានថ្លែងថា៖ “តាមរយៈការទិញសិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន ចតុមុខ សឺវីស មានបំណងនាំយកសេវាកម្មដ៏ល្អបំផុតរបស់ IFS ការច្នៃប្រឌិតនៃបច្ចកវិទ្យាថ្មីៗ ដំណោះស្រាយល្អៗ និងគុណភាពសេវាកម្មលំដាប់ពិភពលោកទៅកាន់ប្រទេសកម្ពុជា ជួយបង្កើតការងារ ជំនាញធនធានមនុស្សកម្រិតខ្ពស់ បង្កើនស្តង់ដាឧស្សាហកម្ម និងរួមចំណែកជាមួយគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ក្លាយជាប្រទេសមានស្តង់ដារស់នៅកម្រិតខ្ពស់”។

ជាមួយគ្នានេះ លោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ដែលទើបទទួលបានគោរមងារឧកញ៉ា កាលពីពេលថ្មីៗនេះ ក៏បានលើកឡើងផងដែរថា យើងពិតជារំភើបណាស់ ដែលសម្រេចបានគោលដៅថ្មីមួយនេះ។ ទម្រាំឈានដល់ការចុះហត្ថលេខានេះ ក្រុមហ៊ុនបានចំណាយពេលអស់រយៈពេល១ឆ្នាំក្នុងការចរចាជាមួយក្រុមហ៊ុន IFS ដើម្បីនាំយកសេវាកម្មសម្អាតធំបំផុតរបស់ប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។ លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ចតុមុខ សឺវីស ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជំរុញស្តង់ដារស់នៅ និងអនាម័យនៅកម្ពុជា។

សូមជម្រាបជូនថា ក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប ក៏មានក្រុមហ៊ុនជំនាញក្នុងការផ្តល់នូវសេវាកម្មកម្ចាត់សត្វល្អិត Okin ដែលជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនទសវត្ស ស្តង់ដាមកពីសហរដ្ឋអាមេរិកមួយហើយដែរ ខណៈដែលម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុននេះមានគ្នាបួននាក់ រួមមានលោក យៀប សុគន្ធថៃ លោក ថមម៉ាស ជីដាណូអេនជីម៉ាសេល ឧកញ៉ា ឃន ឈុនដារ៉ា និងឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ៕
