លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ បានលើកឡើងថា ឆ្លងកាត់ការស្គាល់គ្នាជាមួយលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង រយៈពេល១០ឆ្នាំមកហើយ លោកគិតថាលោកជំទាវ ប្រធានក្លឹបស្ត្រីកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន H &L Group គឺជាមនុស្ស ដែលមានបេះដូងចែករំលែក និងតែងតែមានទឹកចិត្តជួយសង្គម ជួយគ្រួសារ និងជួយយុវជន។
លោក ហោ ចាន់រដ្ឋា បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោក នាព្រលប់ថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា៖ “ខ្ញុំស្គាល់បងស្រី ១០ឆ្នាំហើយ! បងស្រី តាំង ហ្គិចលៀង គឺជាមនុស្ស ដែលមានបេះដូងចែករំលែក និងតែងតែមានទឹកចិត្តជួយសង្គម ជួយគ្រួសារ ជួយយុវជន រហូតជួយកុមារអូទីស្សឹម។ ទឹកចិត្តបងស្រី គឺតែងតែគៀងគរបងប្អូនស្រី្តៗយើង ក៏ដូចជាសង្គមយើង ឱ្យនាំគ្នាចូលរួមជួយដោះស្រាយបញ្ហាសង្គម និងរួមគ្នាអភិវឌ្ឍសង្គមជាតិយើង។ បងស្រីតែងតែប្រាថ្នាចង់ឃើញបងប្អូនស្រី្តយើង ក្លាយជាប្រភពឋាមពលវិជ្ជមាន ជាប្រភពសុភមង្គល សម្រាប់គ្រួសារ និងសង្គមជាតិយើង”។
លោកបានបន្តថា ក្នុងនាមជាអ្នករៀបចំ ទិវាភាពជាអ្នកមានប្រចាំឆ្នាំ តាំងពីឆ្នាំ២០១៩-២០២២ គឺគ្មានចេតនាណាមួយ ប្រមាថមើលងាយអ្នកក្រឡើយ គឺមានតែរួមគ្នាដើម្បីជួយឱ្សមនុស្សគ្រប់គ្នា គឺសុទ្ធតែអាចក្លាយជាអ្នកមាន។
យ៉ាងណាមិញ លោក ហោ ចាន់រដ្ឋា យល់ថាអ្វីដែលលោកជំទាវបាននិយាយ នៅក្នុងទិវាភាពជាអ្នកមាន ថ្ងៃទី៧ ខែ៧ ឆ្នាំ២០២២ ស្តីពី «ទម្លាប់អ្នកមាន» គឺពិតជាមានអត្ថន័យខ្លឹមសារល្អបំផុត និងមានប្រយោជន៍បំផុត សម្រាប់សង្គមជាតិយើងទាំងមូល ដែលបងប្អូនយើងមិនគួរមានការយល់ច្រឡំណាមួយសោះឡើយ។
លោកបានបន្តសម្តែងការសោកស្តាយថា៖ “មនុស្សល្អដូចបងស្រី មិនគួរណាត្រូវបានគេប្រមាថឡើយ តែយើងគួរតែរួមគ្នាការពារមនុស្សល្អដូចបងស្រី លើកទឹកចិត្តមនុស្សល្អដូចបងស្រី និងស្រលាញ់មនុស្សល្អដូចបងស្រី ដើម្បីពង្រីកមនុស្សល្អដូចបងស្រីឱ្យបានកាន់តែច្រើន សម្រាប់សង្គមជាតិយើង”។
គួររំឭកថា វីដេអូដែលលោកជំទាវ ឧកញ៉ា ហ្គិចលៀង ធ្លាប់បានឡើងចែករំលែកផ្នត់គំនិត និងបទពិសោន៍ល្អៗប្រចាំជីវិត លើប្រធានបទ “ទម្លាប់អ្នកមាន” កាលពីឆ្នាំ២០២២ បែរជាត្រូវបានគេយកទៅកាត់តឱ្យខ្លី ដែលមិនបានឆ្លុះបញ្ចាំងនូវខ្លឹមសារដើមទាំងស្រុងទៅវិញ។ ការណ៍នេះ ក៏បានធ្វើឱ្យបងប្អូនមហាជន អ្នកលេងបណ្ដាញសង្គម បញ្ចេញទស្សនៈប្រតិកម្ម និងស្ដីបន្ទោស មកលើលោកជំទាវ ថែមទៀតផង។ ទោះយ៉ាងណា ក៏មានមនុស្សជាច្រើន បានផ្ញើសារការពារ និងលើកទឹកចិត្តលោកជំទាវ ផងដែរ ដោយយល់ថា តាមពិតទៅលោកជំទាវ លើកឡើងគឺមិនបានមើលងាយអ្នកក្រនោះទេ ពោលគឺលោកជំទាវ ចង់ជួយអ្នកស្តាប់ឱ្យទទួលបាននូវផ្នត់គំនិតវិជ្ជមាន ដើម្បីក្លាយខ្លួនជាអ្នកមានបានតែប៉ុណ្ណោះ៕