កាលពីព្រលប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Precision Cars (Cambodia) Limited បានប្រកាសសេចក្តីជូនដំណឹងមួយថា ក្រុមហ៊ុននឹងបញ្ចប់ដំណើរការទទួលសិទ្ធិក្នុងការនាំចូលចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Porsche ប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ តទៅ។
ទទឹមនឹងការប្រកាសដ៏សោកសៅនេះ ក្រុមហ៊ុន Precision Cars ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ចំពោះការគាំទ្រដល់ក្រុមហ៊ុន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ក្រុមហ៊ុន សង្ឃឹមថាអតិថិជនទាំងអស់ នឹងបន្តប្រើប្រាស់រថយន្ត Porsche តទៅទៀត។
សេចក្តីប្រកាសដដែល បានបន្ថែមថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ តទៅ ក្រុមហ៊ុន HGB Group នឹងចូលខ្លួនមកបន្តដំណើរការ ជាអ្នកផ្តល់សេវាកម្មផ្នែកជួសជុល ថែទាំ និងផ្តល់ការធានារថយន្ត Porsche នៅកម្ពុជា។
ក្រុមហ៊ុន HGB Group ដែលមានលោកឧកញ៉ា ង៉ូវ លាងហួត ជាម្ចាស់ក្រុមហ៊ុន កំពុងនាំចូលរថយន្តម៉ាកល្បីៗ ប្រណីតៗ និងថ្លៃៗបំផុតនៅលើពិភពលោក ចូលមកទីផ្សារប្រទេសកម្ពុជា។ រថយន្តប្រណីតៗដែលក្រុមហ៊ុន HGB Group នាំចូល និងលក់ចែកចាយនៅកម្ពុជា មានដូចជា៖ Rolls Royce, Bentley, Lamborghini, Aston Martin, McLaren, Maserati, Jeep, RAM, BMW, Volvo, Volkswagen, Kia, Harley-Davidson និង Mazda ផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន Precision Cars Limited (Porsche Cambodia) បានបង្កើតឡើង ចាប់តាំងពីឆ្នាំ២០១៣ ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលលក់ចែកចាយផ្តាច់មុខ នូវរថយន្តទំនើបៗ Porsche របស់ប្រទេសអាល្លឺម៉ង់ ជាច្រើនប្រភេទ ព្រមទាំងគ្រឿងបន្លាស់រថយន្ត Porsche ផ្សេងៗ ប្រចាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមួយនេះ មានទីតាំងនៅលើផ្លូវ ៦០ម៉ែត្រ (មហាវិថី សម្តេចតេជោ ហ៊ុន សែន) កែងនឹងមហាវិថីឧកញ៉ា ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕