កាលពីថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានដឹកនាំក្រុមការងារបច្ចេកទេសរបស់លោក ចុះត្រួតពិនិត្យការស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ខណៈដែលរហូតមកទល់ពេលនេះ ការឈូសឆាយបានបញ្ចប់រួចរាល់ជាស្ថាពរហើយ។

គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាលពីដើមឆ្នាំ២០២២ ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកជំនួញជើងចាស់ពីររូបគឺ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បើកការឈូសឆាយធ្វើផ្លូវថ្មីនេះឡើង ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា ជួយលើកកម្ពស់សេដ្ឋកិច្ច គាំទ្រដល់ការវិនិយោគ និងទាក់ទាញផ្នែកទេសចរណ៍។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីសន្លាងមួយនេះ គឺអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយលោកបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។

សូមជម្រាបជូនថា ការស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលភាគច្រើនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនេះ គឺមួយផ្នែកធំត្រូវឆ្លងកាត់ចំការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែអ្នកឧកញ៉ា សុខ គង់ ជាអ្នកទទួលរាប់រងរាល់ការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប ទទួលខុសត្រូវលើការឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ ខណៈដែលលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាអ្នកជួយសម្របសម្រួល៕

