ឧកញ៉ា សំ សុខនឿន៖ បើចង់មានឱកាសចំណេញច្រើន គឺត្រូវវិនិយោគលើដីធ្លីជាយក្រុង

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty ​​យល់​ឃើញ​ថា បើចង់មានឱកាសចំណេញ​បាន​ច្រើន គឺត្រូវវិនិយោគលើដីធ្លីជាយក្រុង ប៉ុន្តែ​អាច​ត្រូវ​រង់ចាំ​រយៈពេល​ពី​ធម្យម​ទៅ​រយៈពេល​យូរ ចន្លោះពី​៣ទៅ​១០ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​​ថ្ងៃ​​អាទិត្យ​ម្សិល​មិញ​ យ៉ាង​ដូច្នេះ​ថា ទស្សនៈ​អ្នកជំនួញខ្លះយល់ឃើញថា ការវិនិយោគដីធ្លីគឺកប់លុយចោលយូរ ដូច្នេះពួកគេ​មិនទិញដីជាយក្រុង​ចោលយូរ​ទេ។ ទស្សនៈខ្លះ យល់ឃើញថា ពេលនេះមិនគួរវិនិយោគលើដីធ្លីទេ ព្រោះសេដ្ឋកិច្ចមិនល្អ អចលនទ្រព្យធ្លាក់​ចុះ។ រីឯ​ទស្សនៈខ្លះទៀត យល់ឃើញថា មិនគួរទិញដីធ្លីទេ ក្នុងពេលពិភពលោក​កំពុងប្រឈមនឹងសេដ្ឋកិច្ច​មិនសូវល្អ។

ទោះ​យ៉ាងណា សម្រាប់​ទស្សនៈ​លោក​ឧកញ៉ា​វិញ នៅ​តែ​យល់ឃើញ​ថា ការវិនិយោគដីធ្លីជាយក្រុង ជា​ការ​ល្អ​ អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន​ នា​ពេល​អនាគត ទោះ​បី​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ប្រែប្រួល​យ៉ាង​ណាក្តី។ លោក​ឧកញ៉ា លើក​ឡើង​​​ថា ទី១ សម្រាប់លោក​យល់ឃើញថា ចំពោះបងប្អូនវិនិយោគដីជាយក្រុង​ភ្នំពេញ ដែលជា​ទូទៅ បើទោះបីសេដ្ឋកិច្ចល្អក្តី មិនល្អក្តី ក៏អ្នកវិនិយោគដីជាយក្រុងតែងរង់ចាំចន្លោះពី៥ឆ្នាំទៅ ១០ឆ្នាំ ដដែល ដូច្នេះបើយើងមានលុយ ដែល​មិនប្រើប្រាស់ប្រចាំថ្ងៃ គួរបន្តទិញដី ព្រោះការវិនិយោគនេះ នៅតែចាំដដែល តាមការរំពឹកទុក​ដូចធម្មតា។

ទី២ តាមបទពិសោធន៍នៃការវិនិយោគជាក់ស្តែងរបស់​លោក​ឧកញ៉ា បើអ្នកវិនិយោគដីជាយក្រុងណា វិនិយោគ​ហើយ មិន​អាច​ចាំបាន នោះការវិនិយោគនោះនឹងមិនមានការចំណេញជាទីគាប់ចិត្តទេ ព្រោះការអភិវឌ្ឍន៍​មិន​ទាន់មាន ធ្វើឱ្យដី​ជាយក្រុងនោះមិនទាន់ឡើងថ្លៃ។

ទី៣ កម្ពុជាជាប្រទេសកំពុងមានការអភិវឌ្ឍន៍យ៉ាងលឿន ជាពិសេសការពង្រីកក្រុង និងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ដែល​ធ្វើឱ្យ​ផលចំណេញពីការវិនិយោគដីធ្លី អាចកើនដល់ ១០០០% ឬចំណេញបាន ១០ដងក្នុង​អំឡុងពេលពី​ចន្លោះ​ពី ៣ ឆ្នាំទៅ១០ឆ្នាំ។ ឧទាហរណ៍៖ យើងយកលុយ ១០ម៉ឺនដុល្លារ ទិញដី១ហិកតាជាយក្រុង ក្បែរ​ព្រលាន​យន្តហោះ​ថ្មី នោះប្រហែល៧ឆ្នាំក្រោយមក យើងលក់បានតម្លៃ ១លានដុល្លារ ដែលស្មើនឹង ១០០០% ឬ​ចំណេញ ១០ដង។ ដូច្នេះ​ជា​រួម​មក ទស្សនៈរបស់លោក​ឧកញ៉ា យល់ឃើញថា ចង់មានឱកាសចំណេញ​បាន​ច្រើន គឺត្រូវវិនិយោគលើដីធ្លីជាយក្រុង។

លោក​ឧកញ៉ា សំ សុខនឿន ​​​ធ្លាប់​បាន​លើក​ឡើង​ពី​មុន​ផង​ដែរ​ថា ជាការពិត ការវិនិយោគលើ​អចលនទ្រព្យ លើ​ប្រភេទណាក៏ដោយ ក៏មានផលល្អ និងបានផលចំណេញផងដែរ តែគ្រាន់តែផលចំណេញ​ពីការវិនិយោគខ្លះ មាន​ការ​ចំណាយពេលយូរ ឬឆាប់រហ័ស តិច ឬច្រើនតែប៉ុណ្ណោះ។

សូម​ជម្រាប​ថា ឧកញ៉ា សំ សុខនឿន បច្ចុប្បន្នជាអ្នកជំនាញផ្នែកអចលនវត្ថុនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Kw Sam Sn Realty Co., Ltd រួមទាំងជាប្រធានសមាគមអចលនទ្រព្យសកល។ បច្ចុប្បន្ន លោកកំពុងដឹកនាំ ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងតំណាងក្រុមហ៊ុនរបស់លោកនៅតាមបណ្ដារាជធានី ខេត្ត-ក្រុង ប្រកបដោយ​វឌ្ឍនភាព លើការផ្ដល់គ្រប់សេវាកម្មអភិវឌ្ឍអចលនវត្ថុក្នុងទីផ្សារកម្ពុជា៕