សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជា អនុញ្ញាតឱ្យអ្នកឧក ញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា អញ្ជើញចូលរួមសម្តែងការគួរសម និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិគ្រឹះក្រុងតាខ្មៅ កណ្តាល។

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពរួមគ្នាជួយដល់កិច្ចការសង្គមធ្វើសកម្មភាពមនុស្សធម៌និងចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានរំលឹកយ៉ាងដូច្នេះថា ការរស់នៅក្នុងសង្គមមួយមិនអាចកាត់ផ្តាច់គ្នានោះឡើយរវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នាដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅដូចសំពៅពឹង សំប៉ាន ” ។

បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា កាលថ្មីៗនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់កិត្តិយសជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា ខណៈដែលនាព្រឹកនេះ សម្តេចតេជោបានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមតាមការគោរពអញ្ជើញរបស់អ្នកឧក ញ៉ា លី យ៉ុងផាត់ និងទទួលស្គាល់សមាគមឧកញ៉ាកម្ពុជាជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា៕


